​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨ គ្រោង​ចាប់​ផ្ដើម​ដើម​ខែ​មីនា ​ខាង​មុខ​នេះ​ហើយ។ ដោយ​ឡែក​សម្រាប់​កីឡាករ​ដែល​កំពុង​ប្រកប​អាជីព​នៅ​កម្ពុជា​ទាំង​អស់​ត្រូវ​បាន​ក្លឹប​របស់​​ខ្លួន​ឧបត្ថម្ភ​ឯក​សណ្ឋាន​គ្រប់​រដូវ​កាល។ ចុះ​ប្រិយមិត្ត​ដឹង​អត់​ថា តើ​ក្នុង​មួយ​រដូវ​កាល​កីឡាករ​ប្រើ​ឯក​សណ្ឋាន​អស់​ប៉ុន្មាន​ឈុត​?

តាម​ប្រភព​ពី​កីឡាករ​បាល់ទាត់​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង សឿយ វិសាល បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ក្លឹប​របស់​ខ្លួន​​​ផ្ដល់​ឯក​សណ្ឋាន​ពីរ​ឈុត​ជូន​កីឡាករ​ម្នាក់​​។ ប៉ុន្តែ​ក្នុង​ករណី​មាន​ដាច់​រហែក​ក្លឹប​ នឹង​ផ្ដល់​ជូន​ពីរ​ឈុត​បន្ថែម​ទៀត ដែល​គិត​ជា​សរុប​សម្រាប់​កីឡាករ​ម្នាក់​ក្លឹប​​ត្រូវ​បោះពុម្ព​សំលៀក​បំពាក់​​ ៤ ​ឈុត​សម្រាប់​មួយ​រដូវ​កាល ដោយ​មាន​ក្នុង​ដី​ ពីរ​និងក្រៅ​ដី​ពីរ​។

​ខ្សែ​ការពារ​រូប​នេះ​បញ្ជាក់​ថា ក្រៅ​ពី​ខោអាវ​ប្រកួត​នៅ​មាន​ឈុត​សម្រាប់​ហាត់​ផ្សេង​ ដែល​ឈុត​សម្រាប់​ហាត់​នេះ​កីឡាករ​ទទួល​បាន​ពីរ​ឈុត​ផង​ដែរ។ ​​សម្រាប់​ចំនួន​នៃ​ការ​ផ្ដល់​ជូន​​ឯក​សណ្ឋាន​​ដល់​កីឡាករ​នេះ ​ក្លឹប​នីមួយ​ៗ​មិន​ដូច​គ្នា​ទាំង​ស្រុង​ឡើយ៕
Via: Sabay