(ភ្នំពេញ)៖ ទីបំផុតជំនួបវគ្គជម្រុះ ដើម្បីដណ្ដើមកៅអីវគ្គចែកពូល(ពូលF) នៃពានរង្វាន់ AFC Cup 2018 រវាងក្រុមបឹងកេតអែហ្វស៊ីរបស់កម្ពុជា និងក្រុម Lao Toyota របស់ឡាវ បានកើតឡើងវិញហើយ បន្ទាប់ពីក្រុមលីគកំពូលឡាវមួយនេះ ឈ្នះក្ដីពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ដើម្បីចូលរួមប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី ឆ្នាំ២០១៨ ខាងលើ ។

សូមរំឮកថា កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ AFC បានដកសិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup 2018 របស់ក្រុម Lao Toyota ដោយសារស្ថាប័នកីឡាបាល់ទាត់កំពូលប្រចាំទ្វីបអាស៊ីនេះ បានរកឃើញការរៀបចំការប្រកួតដោយគិតលទ្ធផលទុកមុន ។ ករណីនេះ AFC បានសម្រេចភ្លាមៗពេលនោះ ដោយឲ្យក្រុមបឹងកេត ឡើងវគ្គចែកពូលដោយស្វ័យប្រវត្តិ ។

ប៉ុន្ដែដោយសារក្រុម Lao Toyota ទទួលបានជោគជ័យក្នុងការប្ដឹងឧទ្ទរណ៍ជុំវិញបញ្ហានេះ ដោយក្លឹបមិនពាក់ព័ន្ធនឹងករណីខាងលើ AFC ក៏សម្រេចរៀបចំការប្រកួតជម្រុះរវាងក្រុមបឹងកេត និងក្រុម Lao Toyota ឡើងវិញ ដោយការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា(ជើងទី១) និងថ្ងៃទី០២ ខែកុម្ភៈ(ជើងទី២) នាពេលឆាប់ៗខាងមុខ ។

សូមបញ្ជាក់ថា ពូលF នៃពាន AFC Cup 2018 ជាបណ្ដោះអាសន្នពេលនេះមាន ៣ក្រុមកំពុងរង់ចាំ គឺមានក្រុម Home United របស់សឹង្ហបុរី, Shane United របស់មីយ៉ាន់ម៉ា និងក្រុម Ceres Negros របស់ហ្វីលីពីន ។ រីឯមួយក្រុមទៀត គឺរង់ចាំការប្រកួតជម្រុះរវាងក្រុមបឹងកេត និងក្រុម Lao Toyota ។ យ៉ាងណាមិញគេនៅចាំបានថា កាលពីឆ្នាំ២០១៧ ក្នុងវគ្គជម្រុះនេះដូចគ្នា ក្រុមបឹងកេត បានយកឈ្នះក្រុម Lao Toyota ២-១ ក្នុងជំនួប ២ជើង ដើម្បីឡើងវគ្គបន្ដ៕


Via :khmertalking