លោក Arsene Wenger បានបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងទុកថា នឹងដោះដូរ Alexis Sanchez ជាមួយនឹងខ្សែបម្រើ Henrikh Mkhitaryan របស់ក្លិប Manchester United ខណៈដែលលោកបានបញ្ជាក់ថា ការបាត់បង់តារាឆ្នើមរូបនេះ ប្រហែលជាមិនផ្តល់ការឈឺចាប់ដូចកាលពីឆ្នាំ២០១២ ដែលនៅពេលនោះខ្សែប្រយុទ្ធ Robin van Persie បានចាកចេញដើម្បីផ្ទេរទៅកីឡដ្ឋាន Old Trafford ឡើយ។

អ្នកចាត់ការទូទៅរបស់ក្រុម Arsenal រូបនេះ បានបញ្ជាក់ថា ការផ្ទេររបស់ Sanchez ទៅកាន់ Man United អាចនឹងកើតឡើង ហើយរយៈពេលដ៏រហ័សបំផុតនោះគឺស្ថិតក្នុងចន្លោះពេល២៤ម៉ោង ទៅ៤៨ម៉ោងទៀត។ គ្រូបង្វឹករូបនេះក៏បាននិយាយទាក់ទងនឹង Mkhitaryan ផងដែរ តាមរយៈការបញ្ជាក់ថា លោកយល់ឃើញថា ខ្សែបម្រើម្នាក់ នឹងផ្ទេរត្រឡប់ទៅកាន់ក្លិប Arsenal វិញ។

Arsenal កំពុងតែស្ថិតក្នុងទីផ្សារដើម្បីស្វែងរកខ្សែប្រយុទ្ធម្នាក់ផ្សេងទៀតនៅឡើយ ហើយពួកគេនៅតែរក្សាការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាឆ្នើម Pierre Emerick Aubameyang របស់ក្លិប Borussia Dortmund។ ប៉ុន្តែ លោក Wenger ហាក់ដូចជាច្រានចំពោះការផ្ទេរខ្សែបម្រើស្លាប Malcom របស់ក្លិប Bordeaux។ ទាក់ទងនឹង Malcom គ្រូបង្វឹកបញ្ជាតិបារាំងរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងមិនបានស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរនេះឡើយ»។ ទាក់ទងនឹ Sanchez លោក Wenger បានបញ្ជាក់ថា៖ «ខ្ញុំបានធ្វើការទៅលើការដោះដូរកីឡាករអស់រយៈពេល៣០ឆ្នាំមកហើយ ហេតុនេះ វាអាចនឹងកើតឡើង។ ប៉ុន្តែប្រភេទនៃរឿងនេះ មិនត្រូវបានធានាទាំងស្រុងឡើយ។ បច្ចុប្បន្នក្នុងរយៈពេល២៤ម៉ោង ទៅ៤៨ម៉ោងទៀត យើងនឹងដឹងថា វានឹងកើតឡើង ឬអត់»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian
Via :Cambosport