Alexis Sanchez បានធ្វើដំណើរទៅដល់ទីលានហ្វឹកហាត់របស់ក្លិប Manchester United នៅមុនពេលការបំពេញការផ្ទេរមួយពីក្លិប Arsenal កាលពីថ្ងៃអាទិត្យ ខណៈដែលការផ្ទេរក្នុងទិសដៅផ្ទុយគ្នាជាមួយនឹង Henrikh Mkhitaryan បានខិតកាន់តែកៀក។

មុននេះបន្តិច ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ បានបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម Instagram ដើម្បីបង្ហាញពីរូបគេកំពុងតែឆ្ពោះទៅកាន់យន្តហោះឯកជនមួយគ្រឿង ក្រោយពីមានព័ត៌មានថារូបគេនឹងធ្វើដំណើរទៅកាន់ភាគពាយព្យនៃប្រទេសអង់គ្លេស ដើម្បីពិនិត្យសុខភាព។

កាសែត Daily Telegraph របស់ចក្រភពអង់គ្លេស បានចេញផ្សាយថា Sanchez ត្រូវបានគេថតរូបជាប់ក្នុងពេលទៅដល់ទីលានហ្វឹកហាត់ Carrington របស់ក្លិប Man United ដើម្បីបំពេញការផ្ទេររបស់គេពីក្លិប Arsenal ហើយការផ្ទេររបស់គេត្រូវបានរំពឹងទុកថា នឹងបំពេញជាផ្លូវការនៅត្រឹមថ្ងៃចន្ទនេះ។ ដោយឡែក សារព័ត៌មាន Sky Sports បានចេញផ្សាយថា Mkhitaryan បានទទួលការត្រួតពិនិត្យសុខភាពក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើជាថ្នូរនឹងការដោះដូរជាមួយនឹង Sanchez។


តារាឆ្នើមអន្តរជាតិស៊ីលី Sanchez វ័យ២៩ឆ្នាំ នឹងក្លាយជាកីឡាកររកបានចំណូលខ្ពស់ជាងគេបំផុតរបស់ Man United ខណៈដែលព័ត៌មានជាច្រើនបានបញ្ជាក់ថា រូបគេអាចនឹងទទួលបានចំណូល៤០ម៉ឺនផោន (ស្មើនឹង៥៥៤០០០ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ដែលនាំឲ្យមានការព្រមានមួយពីសំណាក់អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិអង់គ្លេសលោក Steve McClaren ថា ការបៀរវត្សរ៍ដ៏ខ្ពស់របស់គេ អាចនឹងបង្កើតឲ្យមានការមិនចុះសម្រុងគ្នារវាងកីឡាករដូចគ្នា។ ដោយឡែក Sky Sports News ក៏បានចេញផ្សាយថា ខ្សែបម្រើអន្តរជាតិអាមេនី Mkhitaryan វ័យ២៩ឆ្នាំ ក៏បានស្ថិតនៅសណ្ឋាគារមួយក្នុងទីក្រុងឡុងដ៍ផងដែរ កាលពីថ្ងៃសៅរ៍ មុននឹងបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Arsenal៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia
Via :Cambosport