ក្លិបតោខៀវ Chelsea នឹងបោះជំហានចូល ក្នុងការប្រមាញ់ទិញកីឡាករពីរនាក់របស់ក្លិប Roma គឺ Edin Dzeko និង Emerson Palmieri នៅថ្ងៃចន្ទនេះ ដោយសង្ឃឹមថា អាចបញ្ចុះបញ្ចូលឲ្យក្លិបស្ថិតក្នុងក្របខ័ណ្ឌអ៊ីតាលី Serie លក់កីឡាករទាំងពីរនាក់របស់ពួកគេក្នុងតម្លៃខ្លួនរួមចំនួន ៥០លានអឺរ៉ូ (ស្មើនឹង៦១,៣លានដុល្លារអាមេរិក)។

ក្លិប Roma កំពុងតែចង់បានតម្លៃខ្លួន ៥០លានអឺរ៉ូ បូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន ១៥លានអឺរ៉ូផ្សេងទៀត។ ការពិភាក្សាជាបឋមផ្សេងៗ ត្រូវបានរៀបចំឡើងរវាងក្លិបទាំងពីរកាលពីសប្តាហ៍មុន ហើយនិងបន្តម្តងទៀតនៅថ្ងៃចន្ទនេះ បន្ទាប់ពីការប្រកួតរបស់ក្រុម Roma ជាមួយនឹងក្រុម Inter ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កាលពីរាត្រីថ្ងៃអាទិត្យ។ Chelsea កំពុងតែស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ក្នុងតម្លៃខ្លួន ៦៥លានអឺរ៉ូ ប៉ុន្តែជឿជាក់ថា ការព្រមព្រៀងគ្នាមួយអាចនឹងត្រូវឈានដល់។


ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ ក៏បានធ្វើការសាកសួរទៅលើខ្សែប្រយុទ្ធ Andy Carroll របស់ក្លិប West Ham ផងដែរ កាលពីដើមខែនេះ នៅមុនពេលកីឡាកររូបនេះ ជួបបញ្ហារបួសជង្គង់។ លោក Antonio Conte តែងតែនិយាយកោតសរសើរទៅលើ Dzeko ដែលបានស៊ុតបាល់បញ្ចូលទី ២គ្រាប់នៅពេលប្រកួតជាមួយនឹង Chelsea នៅរដូវកាលនេះ ខណៈដែលក្រុម Roma ដណ្តើមបានលទ្ធផលស្មើ ៣-៣ នាកីឡដ្ឋាន Stamford Bridge ក្នុងការប្រកួតក្របខ័ណ្ឌ Champions League និងពិតជាចង់ពង្រឹងតំបន់ប្រយុទ្ធរបស់លោក នៅដំណាក់កាលទី២ នៃរដូវកាលនេះ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian
Via :Cambosport