ក្លិប Watford របស់ក្របខ័ណ្ឌ Premier League បានតែងតាំងអតីតគ្រូបង្វឹករបស់ Malaga លោក Javi Gracia ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ពោលគឺត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយពីបណ្តេញលោក Marco Silva សញ្ជាតិព័រទុយហ្គាល់ ចេញពីតំណែង។

ក្លិប Watford ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បានប្រកាសថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៧ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកុងត្រារយៈពេល ១៨ខែ ដើម្បីក្លាយជាអ្នកចាត់ការទូទៅទី១០ របស់ក្លិប បើគិតចាប់តាំងពីឆ្នាំ២០១២។ លោក Gracia បានឲ្យដឹងក្នុងរូបភាពវីដេអូមួយដែលត្រូវបានបង្ហោះដោយក្លិប Watford នៅលើបណ្តាញសង្គម Twitter ថា៖ «វាជាបរិយាកាសដ៏ពិសេសមួយ ហើយខ្ញុំពិតជារីករាយណាស់ក្នុងការទទួលយកនូវបទពិសោធនេះ និងសូមនិយាយថា អនុរគុណទៅកាន់ពួកគេ ពីព្រោះខ្ញុំដឹងថា អ្នកគាំទ្ររបស់ Watford គឺជាមនុស្សត្រូវផ្គាប់ចិត្តដំបូងគេ»។

លោក Gracia បានបន្ថែមទៀតថា៖ «ក្រោយពីអ្នកគាំទ្រ វាគឺកីឡាករក្នុងក្រុមនេះ ប៉ុន្តែ អ្នកគាំទ្រពិតជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១»។

កាលពីពេលមុននេះបន្តិចកាលពីថ្ងៃអាទិត្យ ក្លិប Watford បានបណ្តេញលោក Silva តាមរយៈការបញ្ជាក់ថា សំណើដែលមិនមានដំណោះស្រាយមួយសម្រាប់អតីតគ្រូបង្វឹករបស់ក្លិប Olympiakos ពីក្លិប Everton កាលពីដើមរដូវកាលនេះ គឺជាកត្តាដែលនាំឲ្យមានការសម្រេចចិត្តនេះតែម្តង។ លោក Silva ទើបតែត្រូវបានតែងតាំង ក្រោយពីចាកចេញពីក្លិប Hull City កាលពីចុងរដូវកាលមុន ប៉ុន្តែ ក្រោយពីបានចាប់ផ្តើមយ៉ាងរឹងមាំ ការដណ្តើមបានត្រឹមតែជ័យជម្នះ១លើកក្នុងការប្រកួតក្របខ័ណ្ឌ Premier League ១១លើក បាននាំឲ្យមានការបណ្តេញចេញនេះតែម្តង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia
Via :Cambosport