កីឡាករជំនាញវាយដាក់ទ្រុងរបស់ក្លិប Cambodian Top Team រិន សា័ត្ន បានត្រឹមបន្សល់ទុកនៅការសោកស្តាយ សម្រាប់ការប្រកួតយុទ្ធគុនចម្រុះ (MMA) នៃព្រឹត្តិការណ៍ ONE: Kings Of Courage នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរូបគេបានចាញ់ក្រោមក្បាច់ក្លេដៃរបស់អ្នកប្រយុទ្ធរបស់ម្ចាស់ផ្ទះនោះ។

តាមរយៈការប្រកួត ដែលត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ រិន សារ័ត្ន របស់កម្ពុជា បានយកប្រៀបលើកីឡាករម្ចាស់ផ្ទះ Sunoto តាមរយៈការប្រើក្បាច់ក្លេក្រោម ដោយការចាប់ទាញរឹតបំពងក នៅពេល Sunoto បានព្យាយាមគាប រិន សារ័ត្ន ពីលើនោះ។

យ៉ាងណាក៏ដោយ ការថមថយផ្នែកគុណភាពកម្លាំង បានធ្វើឲ្យ រិន សារ័ត្ន បាត់ឱកាសក្នុងការផ្តួល Sunoto ខណៈកីឡាករម្ចាស់ផ្ទះរូបនេះ បានប្រើកម្លាំងចិត្ត ដែលកើតពីការគាំទ្ររបស់អ្នកទស្សនាផ្ទាល់ ដើម្បីរើបម្រះពីការក្លេនេះបាន នៅចុងទឹកទី១នោះ។ មិនតែប៉ុណ្ណោះ Sunoto បានចាប់កាច់ក្លេកដៃរបស់ សារ័ត្ន បង្ខំឲ្យ សារ័ត្ន សុំចុះចាញ់ នៅពាក់កណ្តាលទឹកទី២ ដ៏មិនគួរឲ្យចង់ជឿ។

រិន សារ័ត្ន បាននិយាយក្រោយការប្រកួតថា៖ «ការប្រើក្បាច់ក្លេទៅលើគូប្រកួតម្តងៗ វាមិនមែនជារឿង ដែលទទួលបានដោយងាយៗនោះទេ ប៉ុន្តែវាគួរឲ្យសោកស្តាយបំផុត ដែលខ្ញុំមិនអាចក្តោបក្តាប់ឱកាសនេះបាន ព្រោះកម្លាំងរបស់ខ្ញុំមិនដល់ ហើយម្យ៉ាងទៀតសាច់ស្មា និងករបស់គេខ្លី ពិបាកចាប់ដែរ ពិសេសគេស៊ូខ្លាំងណាស់ មិនព្រមចាញ់យើងនោះទេ»។

ចំពោះការសម្រេចសុំចុះចាញ់ ក្រោមក្បាច់ក្លេកដៃរបស់ Sunoto រិន សារ័ត្ន បានប្រាប់ថា ដោយសាររូបគេរវល់ដោះក្លេដៃស្តាំ ធ្វើឲ្យកីឡាការម្ចាស់ផ្ទះម្នាក់នេះ ឆ្លៀតក្លេកដៃឆ្វេងរបស់គេបានសម្រេច ហើយការក្លេនេះ មិនអាចឲ្យរូបគេ ស៊ូទ្រាំ បាននោះទេ ព្រោះវាអាចធ្វើឲ្យរូបគេបាក់កដៃ ឬមានរបួសធ្ងន់។
រិន សារ័ត្ន បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានការសោកស្តាយ ហើយនៅពេលត្រឡប់ទៅដល់កម្ពុជាវិញ ខ្ញុំនឹងព្យាយាមហ្វឹកហាត់ឲ្យបានល្អជាងនេះ បន្ថែមទៀត គឺខ្ញុំអត់បាក់ទឹកចិត្តនោះទេ ព្រោះស្នៀតវ៉ៃដាក់ទ្រុងនេះ យើងមើលអត់ឃើញនោះទេ ពិសេសស្នៀតក្លេ ហើយបើយើងស៊ូទ្រាំ មិនចុះចាញ់គេ វាអាចធ្វើឲ្យខូចខ្លួនយើង និងត្រូវចំណាយពេលយូរក្នុងការព្យាបាល ទើបអាចវិលមកប្រកួតបាន»។

ចំណែកលោក ហ៊ុន ចាន់រាជ ដែលជាគ្រូបង្វឹក របស់ រិន សារ័ត្ន បានបង្ហាញពីការពេញចិត្តចំពោះការចាញ់របស់ សារ័ត្ន លើកនេះ។ លោកបាននិយាយថា៖ «នៅពេលជាប់ក្លេនោះ ខ្ញុំឃើញជើងទាំង២របស់ Zunoto កន្ទ្រាក់ គឺមានន័យថា គាត់ជិតសន្លប់ហើយ អ៊ឹចឹងបើ សារ័ត្ន មានកម្លាំងគ្រប់ គេនឹងសន្លប់ តែយើងនៅខ្សោយកម្លាំង»។

លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនសោកស្តាយទេ គឺលទ្ធផលហ្នឹងវាល្អហើយ ព្រោះលើកនេះ សារ័ត្ន មកប្រកួតជំនួស ថៃ រិទ្ធី គឺគេហ្វឹកហាត់បានតិច ប៉ុន្តែ សារ័ត្ន បានស៊ូរហូតដល់ទឹកទី២ ខណៈការប្រកួតកន្លងមក ខ្មែរយើង ភាគច្រើន ឆ្លងមិនបាន១ទឹកនោះទេ អ៊ីចឹងខ្ញុំនឹងព្យាយាមបង្វឹក សារ័ត្ន បន្ថែមទៀត»៕