(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញ ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីគុនដាវជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នាព្រឹកថ្ងៃទី២៣ ខែមករានេះ ដោយនាំមកជាមួយនូវមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់១ និងមេដាយសំរឹទ្ធ២គ្រឿងទៀតផង។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានឲ្យដឹងថា បេសកកម្មមួយនេះ បានធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែមករា នៅប្រទេសម៉ាឡេស៊ី ដោយមាន៧ប្រទេសចូលរួម។ ជាលទ្ធផលក្រុមអត្តពលិកកម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងនោះមេដាយប្រាក់១ ដណ្ដើមបានដោយកីឡាការិនី ឆាយ លីនលី លើវិញ្ញាសាឯកត្តជននារីដាវកាប់ ខណៈមេដាយសំរឹទ្ធ២ទៀត ដណ្ដើមបានលើវិញ្ញាសាដាវកាប់ជាក្រុមនារី និងវិញ្ញាសាដាវធំជាក្រុមបុរស។

លោកបន្ដថា លទ្ធផលឆ្នាំនេះ គឺជាជោគជ័យថ្មីមួយក្នុងគ្រួសារកីឡាគុនដាវកម្ពុជា ខណៈកាលពីឆ្នាំ២០១៧ នៅក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដូចគ្នានេះ ក្រុមអត្តពលិកកម្ពុជាដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។ តាមរយៈសមិទ្ធផលនេះដែរ លោករំពឹងថា វិស័យកីឡាគុនដាវកម្ពុជាបានរីកចម្រើនមួយកម្រិតទៀតហើយ ដើម្បីឈានទៅសម្រេចក្ដីស្រមៃប្រកួតជម្រុះដណ្ដើមកៅអីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន។

ដោយឡែកកីឡាការិនី ឆាយ លីនលី ម្ចាស់មេដាយប្រាក់១ និងសំរឹទ្ធ១គ្រឿងក្នុងការប្រកួតខាងលើបានបញ្ចាក់ថា មុនដណ្ដើមបានមេដាយ ខ្លួនពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំង ពិសេសសិង្ហបុរី និងម៉ាឡេស៊ី ដែលសុទ្ធតែជាក្រុមខ្លាំង។ ម្យ៉ាងវិញទៀត នេះគឺជាលើកដំបូង ដែលខ្លួនប្រកួតលក្ខណៈអន្ដរជាតិ តែដោយសារការតាំងចិត្ត និងការស្រែកបន្លប់ ទើបធ្វើឲ្យនាងព្យាយាមរហូតដណ្ដើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាឯកត្តជននារីដាវកាប់ និងមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសាប្រកួតជាក្រុមតែម្ដង៕