គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលហៅកាត់ថា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតនូវកម្មវិធី ពានរង្វាន់បាល់ទាត់កម្ពុជា ឬហៅថា «Award Night» ដែលនឹងត្រូវធ្វើនៅកោះពេជ្រ ចាប់ពីម៉ោង៦ល្ងាច ដល់យប់៨ ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់ CNCC បានចាត់ទុក Award Night ជាកម្មវិធីថ្មីនៅកម្ពុជា ដែលនឹងអាចជួយធ្វើឲ្យវិស័យបាល់ទាត់នៅកម្ពុជា កាន់តែទទួលបានការគាំទ្រច្រើន ពីអ្នកទស្សនា ព្រោះកម្មវិធីនេះ ត្រូវបានបង្កើតឡើងតាមគន្លងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី និងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលប្រទេសជឿលឿន នៅលើពិភពលោក បានរៀបចំឲ្យមានជារៀលរាល់ឆ្នាំ។

លោក ឆាំង ពិសិដ្ឋ បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «នៅថ្ងៃនេះ CNCC សូមជម្រាបជូននៅព័ត៌មានថ្មី ប្លែកមួយ មិនធ្លាប់មានពីមុនមកទេ នៅក្នុងកម្មវិធីបាល់ទាត់របស់យើង នោះគឺកម្មវិធី Award Night ហើយការបង្កើតឲ្យមានកម្មវិធីនេះឡើង CNCC គឺយើងចង់លើកតម្លៃឲ្យកីឡាករ និងគ្រូបង្វឹក ទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាទទួលបាននូវការគោរពរាប់អាន ជាពិសេសផ្តល់តម្លៃផ្ទាល់ទៅដល់កីឡាករ ក្លិប គ្រូបង្វឹក និងមន្រ្តីដឹកនាំការប្រកួត ហើយការចាប់ផ្តើមជាមួយជំហានយឺតៗរបស់ពួកយើង គឺយើងសង្ឃឹមថា នឹងអាចទាក់ទាញអ្នកគាំទ្រ អ្នកទស្សនាបាល់ទាត់ ឲ្យបានកាន់តែច្រើន ចាប់ពីឆ្នាំ២០១៨នេះទៅ»។

គួរបញ្ជាក់ថា Award Night ជាកម្មវិធី សម្រាប់ផ្តល់ពាន និងរង្វាន់ទៅដល់គ្រូបង្វឹកមានប្រជាប្រិយជាងគេ និងកីឡាករមានប្រជាប្រិយជាងគេ រួមទាំងកីឡាករល្អ អ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ អ្នកចាំទីល្អ គ្រូបង្វឹកល្អជាងគេ ក្រុមអាជ្ញាកណ្តាលល្អ នៃការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ និងការប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ដែលបានបញ្ចប់ កន្លងមកនេះ។

ក្រុមបាល់ទាត់លេងនៅលីកកំពូលកម្ពុជា កាលឆ្នាំ២០១៧ រួមទាំងក្រុមវិសាខា និងក្រុមសូលទីឡូអង្គរ ដែលឡើងមកលេងនៅលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ សុទ្ធតែត្រូវបាន CNCC អញ្ជើញឲ្យមកចូលរួមនៅក្នុងកម្មវិធី Award Night នេះ។ ប៉ុន្តែអ្នកទស្សនា ដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះ ត្រូវទិញសំបុត្រ ដែលបានដាក់លក់នៅខាងមុខពហុកីឡដ្ឋានជាតិ ដោយ១សន្លឹក តម្លៃ៤០០០រៀល ហើយថវិកាដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវយកទៅជួយផ្នែកសប្បុរសធម៌ផ្សេងៗ៕
Via :cambosport