លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ(ទ័ព) បានសារភាពថា លោក និងសមាជិកក្រុមរបស់លោក បានក្លាយរអាទៅនឹងសន្ទុះអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហើយនេះជាមូលហេតុ ដែលធ្វើឲ្យក្រុមទ័ព មិនហ៊ានលេងអស់ពីសមត្ថភាព ក្នុងការប្រកួតយកឈ្នះក្រុម PSM Makassar ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ពានរង្វាន់ Super Cup Asia 2018។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ពានរង្វាន់ Super Cup Asia 2018 ដែលបានធ្វើនៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍មុននេះ មាន៤ក្រុមចូលរួម ហើយជាលទ្ធផលក្រុមទ័ព បានយកឈ្នះក្រុម Adelaide United របស់អូស្ត្រាលី ៤-៣ ក្នុងការប្រកួតវគ្គជម្រុះ ប៉ុន្តែបានចាញ់ក្រុម PSM Makassar របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣-០ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ហើយគ្រាប់បាល់ទាំង២នេះ បានកើតមានឡើងនៅតង់ទី២ទាំងអស់។

ជាមួយលទ្ធផលនេះ លោក ទេព ឡុងរចនា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពេលលោកត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារថា៖ «បើទោះបីជាយើងបានចាញ់ក្រុមម្ចាស់ផ្ទះ ប៉ុន្តែវាបានបង្កប់នូវភាពលម្អៀង ព្រោះនៅឥណ្ឌូនេស៊ី ទស្សនិកជនរបស់គាត់ គាំទ្របាល់ទាត់ខ្លាំងណាស់»។

លោកបានបញ្ជាក់ថា៖ «ទោះបីជាបើយើងបានចាញ់មែន ប៉ុន្តែទិដ្ឋភាពនៅលើទីលាន ធ្វើឲ្យយើងមានការបារម្ភ និងភ័យ ព្រោះមានទស្សនិកជនរហូតដល់ម៉ឺននាក់ បានរត់ចូលទីលាន ហើយទិដ្ឋភាពបែបនេះ តាំងពីខ្ញុំនៅជាកីឡាករ គឺមិនធ្លាប់បានជួបប្រទះនោះទេ»។

លោក ឡុងរចនា បានបន្ថែមថា៖ «ការលេងនេះ យើងទទួលសម្ពាធខ្លាំងណាស់ ពីទស្សនាជិក និងអាជ្ញាកណ្តាល អ៊ីចឹងយើងបង្ខំចិត្តលេងជាធម្មតា នៅតង់ទី២ បន្ទាប់ពីយើងបានស្មើ ០-០ ជាមួយការលេងអស់ពីសមត្ថភាព នៅតង់ទី១។ យើងមិនអាចប្រឹងយកឈ្នះនោះទេ ព្រោះបើយើងឈ្នះ វាអាចកើតចេញជាបញ្ហា ដូច្នេះយើងបណ្តោយទៅតាមហ្នឹងទៅ ដោយយើងបានផ្លាស់ប្តូរកីឡាករឲ្យបានលេងគ្រប់គ្នាទាំងអស់ ដើម្បីបានបទពិសោធ គឺយើងអត់ទុកនរណាម្នាក់ឲ្យនៅទំនេរទេ»។

គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖ «អ្នកទស្សនារបស់គេ មិនមែនមានរបៀបមើលបាល់ដូចយើងនោះទេ ព្រោះក្នុងការប្រកួតមួយៗ គេដាក់ប៉ូលិស និងប៉េអ៊ឹម ការពារនៅក្នុងទីលានរាប់រយនាក់ មិនមែនត្រឹមរាប់សិននាក់ដូចយើងទេ ប៉ុន្តែគ្រាន់តែចប់ព្រឹត្តិការណ៍ភ្លាម គឺអ្នកទស្សនា បានលោតចេញមកទាំងអស់ គឺជិត១ម៉ឺននាក់ឯណោះ។ ហេតុនេះយើងគិតមើលទៅ រឿងអីយើងមិនភ័យ និងរត់! នេះយើងចាញ់គេផង ចុះទម្រាំយើងឈ្នះក្រុមម្ចាស់ផ្ទះវិញ តើអាចនឹងមានអ្វីកើតឡើង?»៕