​​​លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា បានបញ្ជាក់ពីការបរាជ័យ ក្នុងការចរចាយកខ្សែបម្រើ ច្រឹង ពលរដ្ឋ ពីក្លិបក្រសួងការពារជាតិ(ទ័ព) ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យលើពាក្យលេចឮ ដែលថា ច្រឹង ពលរដ្ឋ នឹងត្រូវលេងឲ្យក្រុមវិសាខា ក្នុងរដូវកាលឆ្នាំ២០១៨នេះ។

លោក ហុង សុចិត្រា បានថ្លែង ក្នុងសន្និសីទកាសែត នៅសណ្ឋាគារសុខា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖«និយាយតាមការពិតទៅ រឿង ច្រឹង ពលរដ្ឋ នេះក្លិបរបស់យើង ចង់បានគាត់(ពលរដ្ឋ)មកដែរ ប៉ុន្តែយើងចរចាជាមួយក្លិបចាស់របស់គាត់មិនត្រូវ ព្រោះខ្ញុំបានដាក់លក្ខខណ្ឌឲ្យគាត់ឆ្លើយតបខ្ញុំ កាលពីម្សិលមិញ តែមកដល់ពេលនេះ មិនមានការឆ្លើយតបទេ អ៊ីចឹងមានន័យថា អ្វីដែលយើងបានចរចានេះ គឺបានលទ្ធផលសូន្យ»។

យ៉ាងណាក៏ដោយ លោក ហុក សុចិត្រា បានបន្ថែមថា៖«ច្រឹង ពលរដ្ឋ គាត់មានសមត្ថភាពល្អ ប៉ុន្តែនៅពេលនេះគាត់កំពុងមានរបួស ដែលត្រូវធ្វើការវះកាត់ជង្គង់ និងព្យាបាលរបួសនេះយ៉ាងតិចពី៦ទៅ៧ខែ ហើយទម្រាំគាត់អាចវិលមករកភាពដើមវិញ គឺត្រូវចំណាយពេលយ៉ាងតិចក៏១ឆ្នាំដែរ»។

ទោះបីជាយ៉ាងណា អតីតកីឡាករជម្រើសជាតិកម្ពុជា ដ៏ល្បីល្បាញមួយរូបនេះ បានបញ្ជាក់ថា៖«ប៉ុន្តែអ្វីដែលយើងចង់បាន ច្រឹង ពលរដ្ឋ មកក្លិបរបស់យើង ព្រោះគាត់ជាកីឡាករវ័យក្មេង ដែលនៅមានសក្តានុពល អាចលេងឲ្យយើងបានពី៣ទៅ៤ឆ្នាំខាងមុខទៀត នៅពេលគាត់ជាសពស្បើយពីរបួសនេះ ដោយសារយើងគ្រោងចុះកុងត្រារយៈពេលវែងជាមួយគាត់»៕