(ភ្នំពេញ)៖ ទីបំផុតមន្ទិលសង្ស័យរបស់អ្នកគាំទ្រជុំវិញព័ត៌មានចរចាមអារ៉ាមពាក់ព័ន្ធនឹងកីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានលាតត្រដាងហើយ ដោយសមាជិកក្រុមក្រសួងការពារជាតិរូបនេះ មិនបានចូលរួមជាមួយក្រុមវិសាខានោះទេ ក្រោយក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទបង្ហាញសមាសភាពសមាជិកថ្មី នៅសណ្ឋាគារសុខា កាលពីព្រឹកមិញ ។
ចំពោះវត្តមានសមាជិកថ្មីរបស់ក្រុមវិសាខា ដែលត្រូវបានបង្ហាញជាផ្លូវការព្រឹកមិញមាន ៩នាក់ ដោយមានកីឡាករកូរ៉េខាងជើង ៥នាក់ និងកីឡាករក្នុងស្រុក ៤នាក់ ។ កីឡាករកូរ៉េខាងជើងរួមមានកីឡាករ Choe Myong-ho, Kim Kyong-hon, Ri Hyok-chol, Jang Song-hyok និងសមាជិកថ្មី Pak Song Chol ។ រីឯកីឡាករក្នុងស្រុកមាន រស់ សំអឿន មកពីក្លឹបបឹងកេត, អ្នកចាំទី កែវ សុខសិលា មកពីក្លឹបភ្នំពេញក្រោន, កីឡាករ ពៅ ភារិទ្ធ មកពីក្លឹបអង្គរថាយហ្គឺរ និងកីឡាករ ង៉យ ស្រ៊ីង មកពីក្លឹបណាហ្គាវើល ។
ដោយឡែកពាក់ព័ន្ធនឹងកីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានលោក ហុក សុចិត្រា អ្នកចាត់ការទូទៅរបស់ក្រុមវិសាខា បញ្ជាក់ថា កន្លងមកក្លឹបពិតជាបានចរចាចង់បានរូបគេពិតមែន ប៉ុន្ដែដោយសារលក្ខខណ្ឌមិនត្រូវគ្នា ការចរចាក៏ត្រូវបានបញ្ចប់ដោយលទ្ធផលស្មើនឹង ០ ហើយវិសាខា ក៏សម្រេចបិទបញ្ជីកីឡាករថ្មីត្រឹម ៩នាក់ខាងលើ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៨តែម្ដង៕
ប្រភពពី: khmertalking
កីឡាករច្រឹង ពលរដ្ឋ គ្មានវត្តមានក្នុងសមាជិកថ្មីរបស់វិសាខាឡើយ
អត្ថបទទាក់ទង