(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញវិស័យកីឡាជនពិការកម្ពុជា មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រហូតដណ្ដើមបានមេដាយលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ទៀតផង។ តែទន្ទឹមជាមួយគ្នា ប្រភេទកីឡាជនពិការនេះ ហាក់ខ្សត់ខ្សោយផ្នែកកីឡាការិនីស្ទើរតែគ្រប់ប្រភេទកីឡា ដោយហេតុនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បើកទ្វារជំហរគ្រប់វិនាទី ដើម្បីទទួលពួកគេ ប្រសិនបើពួកគេចាប់អារម្មណ៍ចង់លេងកីឡា។

ថ្លែងក្នុងពិធីការប្រកួតកីឡាបាល់បោះពិការភ្នែក (Goal Ball) ជម្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលជាតិនៃជនពិការកាលពីម្សិលមិញ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា ការប្រកួតនេះបានជម្រុះពីកីឡាករជាង ២៥នាក់ មកត្រឹម១២នាក់ ស្មើនឹង៤ក្រុម ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពឈានចូលក្រុមកីឡាករជម្រើសជាតិចំនួន ៣ក្រុមស្មើនឹង ៩នាក់។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ការប្រកួតនេះ ពុំមានវត្តមានកីឡាការិនីចូលរួមដូចប្រភេទកីឡាមួយចំនួន ដូចជាកីឡាវាយកូនឃ្លីលើតុជនពិការជាដើម។

ដោយហេតុនេះ លោកបានអំពាវនាវដល់បងប្អូនជនពិការនារីគ្រប់កម្រិត ដែលចាប់អារម្មណ៍ចង់លេងកីឡា អាចចុះឈ្មោះជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបាន។ លោកបញ្ជាក់ថា «សម្រាប់គម្រោងផ្នែកនារី ថ្វីបើក្រុមជ្រើសរើសហើយក្ដី តែបើសិនមាននារីចង់លេងកីឡា គឺយើងស្វាគមន៍គ្រប់វិនាទី មិនមានកំណត់កាលៈទេសៈណានោះទេ។ ខ្ញុំក្នុងនាមអគ្គលេខាធិការ ខ្ញុំសូមអំពាវនាវ ហើយខ្ញុំសូមបើកជំហរសម្រាប់ផ្នែកនារី គឺបើកជំហរទទួលស្វាគមន៍ ១០០% មកពេលណាទទួលពេលហ្នឹងតែម្ដង ដើម្បីលើកទឹកចិត្តឲ្យបងប្អូនជនពិការបានចូលរួមលេងកីឡា»។

ជាមួយនឹងការប្រកាសបើកជំហរទទួលបងប្អូនជនពិការនារីនេះ គឺមិនផ្ដោតសំខាន់លើកម្រិតអាជីពឡើយ ពោលគឺសម្រាប់ជនពិការទាំងអស់ ដែលចូលរួមលេងកីឡាដើម្បីសុខភាព ឬកម្រិតមិនទាន់អាជីព គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាស្វាគមន៍ជានិច្ច ដើម្បីផ្ដល់ឱកាសឲ្យបងប្អូនជនពិការបានលេងកីឡា ហើយក៏អាចអភីវឌ្ឍន៍សមត្ថភាព ឈានទៅលេងកីឡាកម្រិតអាជីពនាពេលបន្ទាប់។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាខាងលើ៕

ប្រភពពី: khmertalking