(ភ្នំពេញ)៖ បន្ទាប់ពីដណ្ដើមបានកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គេសង្កេតឃើញក្រុមចំណូលថ្មីវិសាខា បានបង្ហាញនូវចំណុចវិជ្ជមានជាច្រើន ដើម្បីត្រៀមធ្វើព្យុះភ្លៀងក្នុងលីគរដូវកាលថ្មី ដូចជាការនាំយកកីឡាករកូរ៉េខាងជើង ៤នាក់ និងកីឡាករ ពៅ ភារិទ្ធ ពីក្រុមជើងឯករងក្រសួងការពារជាតិ, អ្នកចាំទី កែវ សុខសិលា របស់ភ្នំពេញក្រោន និងកីឡាករជម្រើសជាតិ រស់ សំអឿន របស់ក្រុមបឹងកេតជាដើម។ ប៉ុន្ដែក្រៅពីនេះ គេមិនទាន់ដឹងថា មានកីឡាករឆ្នើមៗរូបណាទៀតនោះទេ។

តើមានកីឡាករណាខ្លះ នឹងចូលរួមជាមួយក្រុមក្មេងខ្ចីវិសាខា ដើម្បីបង្ហាញខ្លួនលើកដំបូងក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៨? ថ្មីៗនេះបន្ទាប់ពីវិសាខា បានទាក់ចិត្តកីឡាករសំខាន់ៗខាងលើ ក៏មានបែកធ្លាយព័ត៌មានមានកីឡាករល្អៗជាច្រើនទៀត បានត្រៀមចូលរួមជាមួយក្រុមដឹកនាំដោយលោក ស សុខា តំណាងរាស្ដ្រខេត្តព្រៃវែងផងដែរ ពិសេសគឺកីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើឆ្នើមរបស់ក្រុមក្រសួងការពារជាតិ ដែលកំពុងបន្សល់នូវចម្ងល់ជាច្រើនដល់អ្នកគាំទ្រនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញចម្ងល់ និងការចង់ដឹងរបស់អ្នកគាំទ្រ នឹងបានជ្រាបច្បាស់នាព្រឹកនេះ ដោយក្រុមបាល់ទាត់វិសាខា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសុខា ដើម្បីបង្ហាញពីសមាជិកថ្មីទាំងកីឡាករបរទេស និងកីឡាករក្នុងស្រុក ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលថ្មី ឆ្នាំ២០១៨។

ដូច្នេះសូមកុំភ្លេចរង់ចាំទាំងអស់ តើនឹងមានអ្វីប្លែក ចំពោះក្រុមជើងឯកលីគលំដាប់ទី២ រដូវកាលទី២ កាលពីឆ្នាំ២០១៧ នេះ?
Via: khmertalking