កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​វ័យ​ក្មេង ​ព្រឿង​ សុជាតិ​ ថា​ បើ​ទោះ​ជា​ឥលូវ​មាន​អាជីព​ជា​អ្នក​ប្រដាល់​ក៏ដោយ​ ប៉ុន្តែ​នៅ​ចិញ្ចឹម​ចិត្ត​ចង់​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ទៀត​ឲ្យ​តែ​មាន​ពេល​ទំនេរ​បន្តិច។​

​ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ជីវភាព​ក្រលំបាក​ពេក​ ទើប​ធ្វើ​ឲ្យ​រូប​គេ​សម្រេច​ចិត្ត​ផ្អាក​ការ​សិក្សា​សិន​បន្ទាប់​ពី​ជាប់​បាក់ឌុប​កាល​ពី​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ​ ហើយ​ងាក​មក​ចាប់​អាជីព​ប្រដាល់​មួយ​រយៈពេល​សិន។​ ទោះ​ផ្អាក​ការ​សិក្សា​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ​ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​មិន​ដែល​បំភ្លេច​ក្ដី​បំណង​បន្ត​ការ​សិក្សា​នោះ​ឡើយ។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ខាង​លើ​អះអាង​ទៀត​ថា​ ដោយ​សារ​ឥលូវ​នេះ​ជាប់​រវល់​ច្រើន​និង​ការ​ហ្វឹកហាត់​ ការ​ឡើង​ប្រកួត​ ព្រមទាំង​ចង់​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​ប្រដាល់​សិន​ទើប​ឆ្លៀត​ងាក​ទៅ​រក​ការ​សិក្សា​វិញ។​

សម្រាប់​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ ការ​សិក្សា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​គេ​ ការ​សិក្សា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​ ​កាន់​តែ​ប្រសើរ​ឡើង​ អាច​ថា​នៅ​ពេល​ខាង​មុខ​ឡើង​សង្វៀន​ផង​និង​ធ្វើ​ការ​ផង​ដែរ​ ណា​មួយ​អាជីព​ប្រដាល់​ក៏​មិន​អាច​ប្រកួត​រហូត​នោះ​ទេ។​

ឆ្លើយ​តប​និង​សំនួរ​ថា​តើ​ចង់​រៀន​ផ្នែក​អ្វី?​ នៅ​សាលា​មួយ​ណា?​ កីឡាករ​វ័យ​ ២៥ឆ្នាំ​ម្នាក់​នេះ​ប្រាប់​ថា​ ចង់​បន្ត​ផ្នែក​ច្បាប់​ ហើយ​នៅ​សាលា​ណា​ក៏​បាន​ដែរ​ឲ្យ​តែ​មាន​មុខវិជ្ជា​នេះ។​

​ព្រឿង​ សុជាតិ​ បញ្ចប់​ថ្នាក់​ទី១២​នៅ​វិទ្យាល័យ​ សិលាវេទី​ គាត​ ឈុន​ ក្នុង​ឆ្នាំ​២០១៣។​ បច្ចុប្បន្ន​ជា​អ្នក​ប្រដាល់​ក្នុង​សមាគម​ក្រសួង​ការពារ​ជាតិ​ និង​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​ប្រហែល​ជិត​២ឆ្នាំ​មក​ហើយ។​ អ្នក​ប្រដាល់​រូប​នេះ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ថៃ​​ដោយ​ពិន្ទុ​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ៕​
ប្រភពពី: Sabay