ក្រុមបាល់ទាត់វិសាខា បានបង្ហាញពីទំនុកចិត្តខ្ពស់ ទៅលើកីឡាករចំណូលថ្មីទាំងខ្មែរ និងបរទេស សរុប៩នាក់ ដែលក្លិបមួយនេះ បានចុះកុងត្រាជាមួយ សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ ដោយរំពឹងថា ពួកគេ នឹងអាចចូលរួមជួយអភិវឌ្ឍ និងធ្វើឲ្យក្រុមវិសាខា អាចមានឈ្មោះល្បី។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា បានថ្លែង ក្នុងសន្និសីទកាសែត នៅសណ្ឋាគារសុខា កាលពីព្រឹកម្សិលមិញថា៖ «វត្តមានរបស់កីឡាករចំណូលថ្មីទាំងអស់នេះ ធ្វើឲ្យយើងមានរំពឹងថា ពួកគេនឹងជួយអភិវឌ្ឍក្លិប និងជួយបង្កើតនូវភាពអស្ចារ្យដល់ក្លិបថ្មីរបស់យើង ដើម្បីឲ្យបងប្អួន អ្នកគាំទ្រ បានឃើញ នៅពេលពួកយើង បង្ហាញខ្លួន»។

លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងចង់បាន គឺត្រូវធ្វើឲ្យក្លិបវិសាខា មានការអភិវឌ្ឍទៅមុខរហូត មិនថយក្រោយទេ គឺត្រូវរីកចម្រើនឡើងៗ។ ចំណែកនៅឆ្នាំនេះ យើងមានមហិច្ឆតា ដូចក្រុមផ្សេងៗដែរ គឺយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ថាយើងនឹងឈរនៅចន្លោះណា? តែអ្វីដែលយើងចង់បាននោះ គឺមិនឲ្យក្រោមលេខ៦នោះទេ។ នេះជាការប្តេជ្ញាចិត្តរបស់យើង»។

កីឡាករ រស់ សំអឿន មកពីក្លិបបឹងកេត ង៉យ ស្រ៊ិន មកពីក្លិបណាហ្គាវើល អ្នកចាំទី នៅ សុខសិលា មកពីភ្នំពេញក្រោន ពៅ ភារិទ្ធិ មកពីក្លិបខេមបូឌានថាយហ្គឺរ កីឡាករកូរ៉េខាងជើង Pak Song Chol ព្រមទាំងកីឡាករកូរ៉េខាងជើងទាំង៤នាក់មាន Jang Song Hyok, Choe Myong Ho, Kim Kyong Hun និង Ri Hyok Chol ដែលធ្លាប់លេងឲ្យក្រុមក្រសួងការពារជាតិ កាលពីឆ្នាំ២០១៧ គឺជាសមាជិកថ្មី ដែលបានចុះកុងត្រាលេងឲ្យក្រុមវិសាខា សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ។

ទាក់ទងទៅនឹងសមត្ថភាពកីឡាករកូរ៉េខាងជើងទាំង៥នាក់នេះ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា បាននិយាយថា៖ «កីឡាកររបស់កូរ៉េខាងជើងទាំងនេះ គាត់មានសមត្ថភាពខ្ពស់ ហើយពួកគាត់ មានការងាយស្រួល ក្នុងការគ្រប់គ្រង ព្រោះពួកគាត់ ជាកីឡាករ ដែលមានវិន័យខ្លាំង មានការយល់ដឹងពីការថែរក្សាខ្លួន និងរៀបចំខ្លួន បានល្អ»។

លោកបានបន្ថែមថា៖ «ចំពោះសមត្ថភាពអ្នកទាំង៥នេះ បើប្រៀបធៀបទៅនឹងគុណភាពកីឡាករបរទេសក្លិបផ្សេងៗ វាមិនលើសគ្នាប៉ុន្មានទេ ប៉ុន្តែកីឡាករសំខាន់ គឺពាក់ព័ន្ធនឹងវិន័យ និងការថែរក្សាខ្លួន ដែលវាសំខាន់ទាំងបុគ្គល និងក្រុម ហើយពួកគាត់ អាចជួយក្រុមបានច្រើនជាងកីឡាករផ្សេងទៀត ដែលមិនសូវមានវិន័យក្នុងខ្លួន ព្រោះកីឡាករយើង បន្ទាប់ពីការប្រកួត និងហ្វឹកហាត់ តែងតែមានការដើរលេង ប៉ុន្តែចំពោះពួកគាត់ អត់មានការដើរលេងអ្វីទេ អ៊ីចឹងវាមានងាយស្រួល ក្នុងការគ្រប់គ្រងពួកគាត់»។

យ៉ាងណាក៏ដោយ លោក ហុក សុចិត្រា ហាក់បង្ហាញការលំបាកផងដែរ ក្នុងការច្របាច់កីឡាករចំណូលថ្មីទាំង៩នាក់នេះ ជាមួយកីឡាករចាស់ ក្នុងក្លិបរបស់លើក ដើម្បីឲ្យក្លាយជាក្រុមថ្មីមួយ ដែលអាចលេងស៊ីចង្វាក់គ្នា បានល្អ ដោយប្រើការហ្វឹកហាត់រយៈពេលខ្លី។

លោកបាននិយាយថា៖ «កីឡាករថ្មីទាំង៩នាក់នេះ គឺមានប្រភពខុសគ្នា ដែលមានទម្រង់លេងប្លែកគ្នា អ៊ីចឹងទម្រាំពួកគាត់ យល់ដឹងពីទម្រង់លេងថ្មី នៅក្រុមយើង វាត្រូវការពេលវេលាច្រើនដែរ ប៉ុន្តែដោយសារពួកគាត់ ជាកីឡាករមានកម្រិតខ្ពស់ ខ្ញុំសង្ឃឹមថា ពួកគាត់ នឹងងាយចាប់បាននូវទម្រង់លេងរបស់យើង និងទទួលបានលទ្ធផលគាប់ប្រសើរ នៅក្នុងឆ្នាំ២០១៨នេះ»៕