កីឡាករ និងគ្រូបង្វឹកចំនួន ១០នាក់ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលរួមក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ និងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ កន្លងមកនេះ សុទ្ធតែបានទទួលពានរង្វាន់ ក្នុងកម្មវិធី Award Night ដែលរៀបចំឡើងដោយ CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសាលកោះពេជ្រ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ។

តាមការប្រកាស នៅកម្មវិធី Award Night កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ លោក សំ វ៉ានដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះពានរង្វាន់ជាគ្រូល្អ ប្រចាំការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ ខណៈកីឡាករ ២រូបរបស់ក្លិបដដែលនេះគឺ ប្រាក់ មុន្នីឧត្តម បានឈ្នះពានជាកីឡាករល្អ ហើយអ្នកចាំទី អោម ឧត្តម បានឈ្នះពានជាអ្នកចាំទីល្អ។

ប៉ុន្តែពានរង្វាន់អ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៃការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ បានទៅលើខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី របស់ក្រុមបឹងកេត រីឯលោក ជី សាមឌី, លោក ស៊ុន តារាវុធ, លោក ជី សុភាព និងលោក សំាង សុភ័ក្រ បានក្លាយជាក្រុមអាជ្ញាកណ្តាលល្អ ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ ដោយទទួលបានការបំពាក់មេដាយកិត្តិយសម្នាក់១។

សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ គឺលោក ហៅ សុជាតិ របស់ក្រុមបឹងកេត បានទទួលពានជាគ្រូបង្វឹកល្អ ឯអ្នកចាំទី ស៊ូ យ៉ាទី បានទទួលពានជាអ្នកចាំទីល្អប្រចាំព្រឹត្តិការណ៍។ ចំណែក ខ្សែប្រយុទ្ធ Kipson របស់ក្រុមណាហ្គាវើល បានពានជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ ហើយ ច្រឹង ពលរដ្ឋ របស់ក្រុមក្រសួងការពារជាតិ បានឈ្នះពានជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ ខណៈលោក ឃួន វីរៈ, លោក ស៊ុន ច័ន្ទភារិទ្ធ, លោក ហេង សុខលី និងលោក លីម ប៊ុនធឿន បានក្លាយជាក្រុមអាជ្ញាកណ្តាលល្អ។



ចំណែកបេក្ខភាពចំនួន​ ៤នាក់ទៀត បានឈ្នះពាន តាមរយៈការដាក់ឲ្យបោះឆ្នោត នៅលើហ្វេសប៊ុក ក្នុងនោះលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានឈ្នះពានជាគ្រូបង្វឹក មានប្រជាប្រិយជាងគេ ឯកីឡាករ លី វ៉ាហេទ របស់ក្រុមបឹងកេត បានឈ្នះពានជាកីឡាករ មានប្រជាប្រិយជាងគេ។ រីឯអ្នកគាំទ្រ ប៊ីវ តុលា បានទទួលពានអ្នកគាំទ្រល្អបំផុត ហើយអ្នកថតរូប សឿន សាយន្តសន្យា ឈ្នះពានរូបថតបាល់ទាត់ល្អបំផុត។

បន្ថែមលើនេះ ក្រុម Fair play ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ និងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ក៏ត្រូវបានប្រកាស និងទទួលបានពាន នៅក្នុងកម្មវិធី Award Night កាលពីយប់ថ្ងៃព្រហស្បតិ៍ នោះដែរ។

ពានរង្វាន់សម្រាប់ Hun Sen Cup 2017
• ក្រុមជើងឯក៖ ព្រះខ័នរាជស្វាយរៀង
• ក្រុមជើងឯករង៖ ណាហ្គាវើល
• ក្រុមលេខ៣៖ អគ្គិសនីកម្ពុជា
• ក្រុមលេខ៤៖ បឹងកេត
• ក្រុម Fair Play៖ បឹងកេត

ពានរង្វាន់សម្រាប់លីគបាល់ទាត់កំពូលកម្ពុជា
• ក្រុមជើងឯក៖ បឹងកេត
• ក្រុមជើងឯករង៖ ក្រសួងការពារជាតិ
• ក្រុមលេខ៣៖ ព្រះខ័នរាជស្វាយរៀង
• ក្រុមលេខ៤៖ ណាហ្គាវើល
• ក្រុម Fair Play៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា