ក្រុមបឹងកេត របស់កម្ពុជា និងក្រុម Lao Toyota របស់ឡាវ នឹងត្រូវប្រកួតវគ្គជម្រុះ(Play-off Round) ជើងទី១ នៃពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទ ប៉ុន្តែគ្រូបង្វឹករបស់ក្រុមទាំង២ សុទ្ធតែបានបង្ហាញពីភាពស្រពេចស្រពិល ក្នុងការត្រៀមខ្លួន សម្រាប់ការប្រជែងគ្នាយក៣ពិន្ទុលើកនេះ។

លោក កែវ កុសល ដែលទើបត្រូវបានតែងតាំងជាគ្រូបង្គោលដឹកនាំក្រុមបឹងកេត ក្នុងរយៈពេលខ្លីជំនួសលោក ហៅ សុជាតិ លោកបាននិយាយក្នុងសន្និសីទកាសែត នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញថា៖ «ដោយសារកម្មវិធីមានការផ្លាស់ប្តូរ អ៊ីចឹងធ្វើឲ្យការហ្វឹកហាត់របស់យើងមានពេលខ្លី ដូច្នេះខ្ញុំនឹងរក្សាប្រព័ន្ធលេង ក៏ដូចជាកលល្បិចរបស់ក្រុម ដែលក្រុមធ្លាប់ធ្វើបានល្អកន្លងមក នៅដដែល គឺខ្ញុំគ្រាន់តែបន្ថែមនៅចំណុចខ្វះខាតមួយចំនួនប៉ុណ្ណោះ»។

ចំណែកលោក Jun Fukuda គ្រូបង្វឹកក្រុម Lao Toyota បាននិយាយថា៖ «យើងត្រៀមខ្លួនបានរយៈពេលត្រឹម១០ថ្ងៃទេ ដោយសារការប្រកួតនេះ មានការផ្លាស់ប្តូរលឿនពេក អ៊ីចឹងស្ថានភាពនេះវាដូចជាមានការលំបាកទាំងក្រុមខ្ញុំ នឹងក្រុមបឹងកេត ផងដែរ។ យ៉ាងណាក៏ដោយ ខ្ញុំនឹងព្យាយាមរៀបចំ និងជំរុញឲ្យកូនក្រុមរបស់ខ្ញុំលេងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការប្រកួតនេះបានល្អ»។

ការត្រៀមខ្លួនបានរយៈពេលខ្លី ក្នុងការប្រកួតជើងទី១ របស់ក្រុមទាំង២នេះ ដោយសារតែសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានសម្រេចដាក់ឲ្យក្រុម Lao Toyota និងបឹងកេត ប្រកួតវគ្គ Play-off Round នេះវិញ បន្ទាប់ពីក្រុមឡាវមួយនេះ បានឈ្នះក្តីនៅឧទ្ធរណ៍ លើបទចោទប្រកាន់របស់ AFC ទាក់ទងការរៀបចំលទ្ធផលការប្រកួត កន្លងមក ហើយការឈ្នះក្តីនេះ ក៏ធ្វើឲ្យក្រុមបឹងកេត របស់កម្ពុជា បានបាត់ឱកាសឡើងទៅប្រកួតនៅវគ្គ Group Stage ដោយស្វ័យប្រវត្តិ ផងដែរ។

ដោយឡែក សម្រាប់ការប្រកួតវគ្គ Play-off Round កាលពីឆ្នាំ២០១៧ ក្រុមបឹងកេត បានស្មើ ១-១ ជាមួយក្រុម Lao Toyota នៅពហុកីឡដ្ឋានជាតិ ប៉ុន្តែ បឹងកេត បានឈ្នះ Leo Toyota ១-០ ក្នុងជើងទី២ ក្នុងទឹកដីឡាវ ដើម្បីបានឡើងទៅប្រកួតវគ្គ Group Stage៕