ក្រុម Lao Toyota FC របស់ឡាវ បានប្រើការវាយបកចុងម៉ោង ដើម្បីតាមស្មើក្រុមបឹងកេត ៣-៣ ក្នុងការប្រកួតជើងទី១ វគ្គជម្រុះ Play-off Round នៃពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ។

លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមបឹងកេត ដែលជាម្ចាស់ផ្ទះ ក្នុងការប្រកួតជើងទី១នេះ មានការខកចិត្តខ្លាំង ព្រោះបឹងកេត បាននាំមុខក្រុម Lao Toyota រហូតដល់ ៣-១ គិតត្រឹមនាទីទី៦០ ដោយក្នុងនោះខ្សែប្រយុទ្ធ Maycon រកបាន ២គ្រាប់ នៅនាទីទី៦(បាល់ប៉េណាល់ទី) និងនាទីទី៥៣ ហើយខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៦០។ រីឯ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែប្រយុទ្ធជនជាតិជប៉ុន Kazuo Homma នៅនាទីទី៣០។

យ៉ាងណាក៏ដោយ ការប្តូរថវិយាបទលេង ដោយបន្ថយការវាយលុក និងលេងបែបពន្យារពេលរបស់ក្រុមបឹងកេត បែរជាធ្វើឲ្យក្រុម Lao Toyota មានឱកាសការវាយលុកបានច្រើន តាមរយៈការលើកបាល់ពីចម្ងាយ ចូលមកតំបន់គ្រោះថ្នាក់របស់ក្រុមបឹងកេត ហើយភាពភ្ញាក់ផ្អើល បានកើតមានឡើង នៅពេលខ្សែបម្រើពាក់លេខ១៥ Frederic Pooda បានស៊ុតបាល់បញ្ចូលទី បានយ៉ាងស្រួល នៅនាទីទី៧៩។

បន្ថែមលើលទ្ធផលនេះខ្សែប្រយុទ្ធជាប្រធានក្រុម Kazuo Homma បានតែតបាល់បញ្ចូលទីបាន១គ្រាប់ទៀត នៅនាទីទី៨៧ ដើម្បីតាមស្មើក្រុមបឹងកេត ៣-៣ ក្នុងការប្រកួតជើងទី១នេះ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមបឹងកេត មានការខកចិត្តខ្លាំង និងត្រូវធ្វើការងារកាន់តែធ្ងន់ សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ នៅថ្ងៃទី២ ខែកុម្ភៈ ដែលត្រូវធ្វើនៅទីក្រុងវៀនចន្ទន៍ វិញម្តង៕