ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញមុខគ្រូបង្វឹកថ្មី គឺគ្រូបង្វឹកមានអាជ្ញាប័ណ្ណកម្រិតA (A License) លោក Conor Nestor ក្នុងសន្និសីទកាសែត នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារនេះ ដែលត្រូវជំនួសតំណាងគ្រូបង្គោលចាស់លោក សំ វ៉ាន់ដេត។

បើតាមលោក អោក សំណាង អគ្គលេខាធិការក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឲ្យដឹង ក្នុងសន្និសីទកាសែតនោះថា លោក Conor Nestor បានចុះកុងត្រាជាមួយក្លិបស្វាយរៀង ក្នុងរយៈពេល១ឆ្នាំពេញ សម្រាប់ដឹកនាំក្រុម ក្នុងការប្រកួតលីកកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០១៨នេះ។

ជាមួយគ្នានេះ លោក អោក សំណាង រំពឹងថា គ្រូបង្វឹកជនជាតិហូឡង់លោក Conor Nestor ដែលមានកម្រិត A License របស់ FIFA និងធ្លាប់មានបទពិសោធលើការងារបាល់ទាត់នេះ អស់រយៈពេល ១៦ឆ្នាំហើយ នឹងជួយក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះ លោក អោក សំណាង ក៏បានបញ្ជាក់ពីការដកលោក សំ វ៉ាន់ដេត ពីតួនាទីជាគ្រូបង្វឹក ក្នុងរដូវកាលឆ្នាំ២០១៨នេះដែរ។ លោកបាននិយាយថា៖ «សម្រាប់ការដោះដូរគ្រូបង្វឹក សំ វ៉ាន់ដេត នេះ គឺមិនមែនជាការដកគាត់ ឬគាត់មានកំហុសនោះទេ សូមបងប្អូនជាប្រព័ន្ធផ្សាយកុំយល់ច្រឡំ ប៉ុន្តែយើងដកគាត់មួយរយៈពេលនេះ ដោយសារចង់ឲ្យគាត់ បន្តការសិក្សានៅក្រៅប្រទេសយក A License»។

លោកបានបញ្ជាក់ថា៖ «ក្លិបចង់ឲ្យលោកគ្រូ សំ វ៉ាន់ដេត ស្វែងយល់ទៅលើប្រទេស ដែលគេមានភាពជឿនលឿនផ្នែកបាល់ទាត់ជាងយើង ដើម្បីឲ្យគាត់អាចដកស្រង់យកបទពិសោធ និងទិចនិកពីការដឹកនាំរបស់ប្រទេសគេ មកពង្រឹងដល់ក្លិបរបស់យើងបន្ថែមទៀត គឺយើងមិនបានបោះបង់ចោលគាត់នោះទេ ព្រោះក្លិបនៅតែផ្តល់ប្រាក់បៀវត្សរ៍ឲ្យគាត់ ជាធម្មតា ក្នុងរយៈពេលមួយឆ្នាំពេញ តែម្តង»។

បន្ថែមលើការចុះកុងត្រាជាមួយគ្រូបង្គោលមកពីប្រទេសហូឡង់នេះ ក្លិបព្រះខ័នរាជ ស្វាយរៀង ក៏បានចុះកុងត្រាជាមួយកីឡាករចំណូលថ្មី២នាក់ផងដែរ គឺខ្សែប្រយុទ្ធ Shane Booysen មកពីក្លិបភ្នំពេញក្រោន និងកីឡាករកម្ពុជា សួន សុវណ្ណ មកពីក្រុមវេស្ទើន ហើយអ្នកទាំង២នេះ សុទ្ធតែបានអះអាង ក្នុងការខិតខំជួយក្រុមស្វាយរៀង ឲ្យទទួលបានលទ្ធផលល្អ ក្នុងការប្រកួតរដូវកាលឆ្នាំ២០១៨នេះ៕