Pierre-Emerick Aubameyang បានចូលរួមជាមួយនឹងក្លិប Arsenal ពីក្លិប Borussia Dortmund សម្រាប់តម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបចំនួន៥៦លានផោន (ស្មើនឹង៧៤លានដុល្លារអាមេរិក) កាលពីថ្ងៃពុធម្សិលមិញ ស្របពេលដែលខ្សែប្រយុទ្ធ Olivier Giroud បានផ្ទេរទៅកាន់ Chelsea ក្នុងផ្នែកមួយនៃការផ្ទេរដ៏ស្មុគស្មាញមួយ។

ស្របពេលដែលពេលវេលារំកិលកាន់តែកៀកឆ្ពោះទៅកាន់ការបិទទីផ្សារដោះដូរកីឡាករនៅអង់គ្លេស នៅម៉ោង១១យប់ ថ្ងៃពុធ (ត្រូវនឹងម៉ោង៦ព្រឹក ថ្ងៃព្រហស្បតិ៍ នៅកម្ពុជា) ក្លិប Manchester City បានបោះបង់បំណងក្នុងការចុះហត្ថលេខាជាមួយនឹង Riyad Mahrez របស់ក្លិប Leicester។ Aubameyang វ័យ២៨ឆ្នាំ ដែលបានចុះហត្ថលេខាលើកុងត្រាមួយជាមួយនឹងក្លិប Arsenal រហូតដល់ឆ្នាំ២០២១នោះ នឹងក្លាយជាកីឡាករចំណូលថ្មីមានឈ្មោះល្បីទី២របស់ Arsenal នៅខែមករានេះ ក្រោយពី Henrikh Mkhitaryan បានចូលរួម ពីក្លិប Manchester United។


ការផ្ទេរមួយនេះ នឹងបង្កើនជម្រើសក្នុងតំបន់ប្រយុទ្ធរបស់ Arsenal ក្រោយពីការចាកចេញរបស់ Alexis Sanchez ទៅកាន់ Man United ក្នុងការផ្ទេរមួយដែលមានការដោះដូរជាមួយនឹង Mkhitaryan ប៉ុន្តែ បង្កើតឲ្យមានសំណួរជុំវិញអនាគតរបស់ Alexandre Lacazette ក្នុងជម្រើសទាំង១១នាក់ដំបូង។ Aubameyang ដែលបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដើម្បីសុំទោសដល់អ្នកគាំទ្រ Dortmund នោះ បានសរសេរថា៖ «វាប្រហែលជាមិនមែនជាមធ្យោបាយដ៏ល្អបំផុត្នុងការសម្រេចចិត្តឡើយ ប៉ុន្តែ គ្រប់គ្នាដឹងហើយថា Auba ឆ្កួត»។ ក្រោយមក Chelsea បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Giroud របស់ក្លិប Arsenal ក្នុងកិច្ចសន្យារយៈពេល១៨ខែ ក្នុងតម្លៃខ្លួនប្រមាណជា១៨លានផោន (ស្មើនឹង២៥,៥៥លានដុល្លារអាមេរិក)៕

ប្រភព៖ Channel News Asia
Via :Cambosport