ខ្សែប្រយុទ្ធដ៏មុតស្រួចមកពីអាហ្វ្រិកខាងត្បូង Shane Booysen ដែលធ្លាប់ជួយឲ្យក្រុមភ្នំពេញក្រោន លើកពានលីកកំពូលកម្ពុជា កាលពីឆ្នាំ២០១៥ នោះ បានសម្រេចទៅរួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួត នៅរដូវកាល ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបគេបានបញ្ចប់កុងត្រាជាមួយក្រុមភ្នំពេញក្រោន កាលពីចុងឆ្នាំ២០១៧។

មុនពេលសម្រេចមកចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀងនេះ Shane Booysen បានប្រាប់ថា មានក្លិបក្រៅពីនៅកម្ពុជា ជាច្រើនទៀត ពិសេសក្លិបនៅប្រទេសម៉ាឡេស៊ី បានទាក់ទងរូបគេឲ្យទៅលេងនៅទីនោះ ប៉ុន្តែរូបគេបានបដិសេធ ព្រោះរូបគេស្រលាញ់កម្ពុជា និងចង់ចូលរួមជួយអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។

ការចូលរួមជាមួយក្រុមស្វាយរៀង ក្នុងរដូវកាលឆ្នាំ២០១៨នេះ Booysen រំពឹងថា នឹងជួយឲ្យរូបគេមានគុណភាពលេងកាន់តែប្រសើរ ស្របពេលស្វាយរៀង បាននាំយកគ្រូបង្គោលមានអាជ្ញាប័ណ្ណកម្រិតA ជាជនជាតិអៀរឡង់ គឺលោក Conor Nestor មកដឹកនាំក្រុមជំនួសលោក សំ វ៉ាន់ដេត ដែលជាគ្រូបង្វឹកចាស់នោះ។

Booysen បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ព្រោះនេះជាក្លិបធំមួយ សម្បូរទៅដោយកីឡាករមានគុណភាព ហេតុនេះខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចនឹងទទួលបានអ្វីដែលថ្មី ពីក្លិបមួយនេះ ព្រោះក្រៅពីមានកីឡាករ និងក្រុមការងារល្អ ក្រុមស្វាយរៀង បាននាំយកគ្រូបង្វឹកថ្មី ដែលមានចំណេះដឹង និងបទពិសោធ សម្រាប់ដឹកនាំក្រុម ក្នុងរដូវកាលថ្មីនេះ»។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបន្ថែមថា៖ «នៅពេលនេះ ខ្ញុំបានចូលរួមជាមួយក្លិបមួយដ៏ជោគជ័យ ដូចយើងបានដឹងហើយថា កីឡាបាល់ទាត់ មានការវិវឌ្ឍពីមួយថ្ងៃ ទៅមួយថ្ងៃ អ៊ីចឹង ខ្ញុំត្រូវតែស្វែងរកក្លិបមួយ ដែលអាចជួយឲ្យខ្ញុំ កាន់តែមានសមត្ថភាពរីកចម្រើន ហើយការសម្រេចចូលរួមជាមួយក្លិបនេះ ខ្ញុំបានពិគ្រោះយោបល់ជាមួយមិត្តរបស់ខ្ញុំជាច្រើននាក់ ហើយចុងក្រោយពួកគេ បានជំរុញឲ្យខ្ញុំមកចូលរួមជាមួយក្លិបនេះ ព្រោះជាក្លិបដ៏ល្អមួយ»។

យ៉ាងណាក៏ដោយ Booysen ហាក់មានការខកចិត្តផងដែរ ខណៈរូបគេគ្មានឱកាសបានលេងជាមួយខ្សែប្រយុទ្ធដ៏លេចធ្លោររបស់ក្រុមព្រះខ័នរាជស្វាយរៀង គឺ ប្រាក់ មុន្នីឧត្តម ដែលទើបតែផ្ទេរទៅលេងឲ្យក្លិប Negeri Sembilan FA របស់ម៉ាឡេស៊ី ក្នុងកិច្ចសន្យាខ្ចីជើង១ឆ្នាំពេញនោះ។

Booysen បាននិយាយថា៖ «ខ្ញុំពិតជាចង់លេងជាមួយ ប្រាក់ មុន្នីឧត្តម ព្រោះពួកយើងធ្លាប់បានលេងជាមួយគ្នាបាន២ទៅ៣ដងដែរ ក្នុងក្រុម Cambodia All Stars ដោយយើងបានលេងស៊ីចង្វាក់គ្នាល្អណាស់ ប៉ុន្តែដូចអ្វីដែលខ្ញុំបានលើកឡើងពីដើមអ៊ីចឹងថា កីឡាករត្រូវតែរកកន្លែងសម្រាប់អភិវឌ្ឍខ្លួន អ៊ីចឹងយើងមិនអាចឃាត់គាត់ មិនឲ្យទៅលេងនៅម៉ាឡេស៊ី បាននោះទេ។ យ៉ាងណាក៏ដោយ នៅក្លិបនេះ មានកីឡាករល្អៗជាច្រើនទៀត ដែលពួកយើង នឹងត្រូវហ្វឹកហាត់បន្ថែមជាមួយគ្នា ដើម្បីជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀង កាន់តែទទួលបានលទ្ធផលល្អថែមទៀត»៕

កីឡាករបាល់ទាត់មកពីអាហ្វ្រិកខាងត្បូង Shane Booysen បានសម្រេចចូលរួមជាមួយក្លឹបកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចាកចេញពីភ្នំពេញក្រោនដែលរូបគេធ្លាប់ជ្រកបាន៣រដូវកាលពោលគឺតាំងពីឆ្នាំ២០១៥។ រូបគេពិតជារីករាយដែលបានចូលរួមជាមួយក្លឹបកំពូលមួយនេះ និងប្តេជ្ញាជួយស្វាយរៀងឲ្យទទួលបានលទ្ធផលល្អ។

Shane បានបញ្ជាក់ថា តាមពិតទៅមានក្លឹបបាល់ទាត់ក្រៅពីកម្ពុជាមួយចំនួនបានទាក់ទងរូបគេ ជាពិសេសក្លឹបនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែរូបគេបានបដិសេធ ដោយសារការស្រលាញ់ចូលចិត្តកម្ពុជា និងចង់ជួយដល់វិស័យបាល់ទាត់កម្ពុជា។

Shane ពិតជាស្រលាញ់កម្ពុជា និងចង់ជួយបាល់ទាត់កម្ពុជាខ្លាំង ដូច្នេះពិតជាមិនចង់ទៅណាឆ្ងាយពីកម្ពុជាឡើយ។ អ្វីដែលពិសេសទៀតនោះគឺរូបគេចង់ទទួលបានសញ្ជាតិកម្ពុជា។

កីឡាករអាយុ ២៧ឆ្នាំ Shane Booysen ជាសមាជិកដ៏សំខាន់មួយរូបដែលជួយក្លឹបភ្នំពេញក្រោនឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០១៥។ យ៉ាងណា រដូវកាល២០១៦រូបគេបានរបួសខ្លាំងដែលត្រូវសម្រាកព្យាបាលស្ទើរមួយរដូវកាល។ បន្ទាប់ពីជាសះស្បើយពីរបួស រូបគេមានទម្រង់លេងធ្លាក់ចុះរហូតដល់ឆ្នាំ២០១៧៕