ភ្នំពេញ៖ សម្រាប់ការប្រកួតផ្លូវការលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ីរបស់ក្រុម Pahang FA កាលពីយប់មិញ កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេង ៧៣នាទី ទើបប្ដូរចេញ ប៉ុន្ដែគេមិនអាចជួយក្រុមយក ៣ពិន្ទុពីការប្រកួតបើកឆាកនេះបានទេ បន្ទាប់ពីប្រកួតស្មើក្រុមជើងខ្លាំង Perak ក្នុងលទ្ធផល ០-០ ។
ជំនួបដ៏ស្វិតស្វាញនេះ ក៏មិនខុសពីការប្រកួតមិត្តភាពកន្លងមកដែរ ដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នៅតែទទួលបានការជឿជាក់ពីគ្រូបង្វឹក និងមិត្តរួមក្រុម ក្នុងកិច្ចសហការធ្វើព្យុះភ្លៀងលើទីលាន ប៉ុន្ដែពួកគេមិនអាចបំបែកពង់មានក្រុមភ្ញៀវ Perak បានឡើយ ។ ផ្ទុយទៅវិញក្រុម Parak ថែមទាំងមានឱកាសស៊ុតក្នុងតំបន់គ្រោះថ្នាក់ជាច្រើនលើកទៀតផង តែធ្វើមិនបានសម្រេច រហូតដល់ចប់ការប្រកួតពេញម៉ោងចែកគ្នា ១ពិន្ទុម្នាក់តែម្ដង ។
សូមបញ្ជាក់ដែរថា ក្រៅពីក្រុម Pahang FA របស់ ចាន់ វឌ្ឍនាកា សូម្បីក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ក៏រកបានត្រឹម ១ពិន្ទុពីការប្រកួតបើកឆាកលីគកំពូលម៉ាឡេស៊ីផងដែរ ក្រោយប្រកួតស្មើក្រុម PKNS ដោយលទ្ធផល ២-២ ។ លើកលែងតែក្រុមរបស់ កែវ សុខផេង គឺក្រុម PKNP ដែលរកបាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមរបស់ Negeri Sembilan របស់ ប្រាក់ មុន្នីឧត្តម ដោយលទ្ធផល ១-០ ហើយគ្រាប់បាល់ជ័យជម្នះរបស់ PKNP គឺធ្វើសម្រេចដោយ សុខផេង ផ្ទាល់៕