ភ្នំពេញៈ អ្នក​ប្រដាល់ ឆៃ សារ៉ា របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​កីឡាករ​ឡាវ Phanchhai ដោយ​ពិន្ទុ​ដាច់ ដើម្បី​ជម្រះ​ភាព​សង្ស័យ​នៃ​ការ​ហ្វឹកហាត់​មិន​បាន​ពេញ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដណ្តើម​ពានរ​ង្វាន់​អន្តរជាតិ «កំពូល​អ្នក​ប្រដាល់​កណ្តាប់ដៃ​ដែក ISI PALM» ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម នៅ​លើ​សង្វៀន CNC កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ ពុទ្ធ ឆាយរិទ្ធី បាន​ចាញ់​ជើង​ខ្លាំង​របស់​ថៃ Noengtrakan។ រីឯ ឡុង សំណាង និង វេង សុភ័ក្រ សុទ្ធតែ​ចាញ់​ក្នុងការ​ប្រកួត​ដណ្តើម​ប្រាក់​លាន។

ការ​លើក​ឡើង​របស់​គ្រូបង្វឹក​លោក ធន់ សុភា ជុំវិញ​ការ​ហ្វឹកហាត់​បាន​តិចតួច​របស់ ឆៃ សារ៉ា ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​មួយ​ចំនួន មុន​ការ​ប្រកួត ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជាក់ស្តែង កាល​ម្សិលមិញ ឆៃ សារ៉ា បាន​គ្រប់គ្រង​ការ​ប្រកួត​យ៉ាង​ល្អ។ បើ​ទោះបី​ជា​រូបគេ ហាក់​ធ្លាក់​កម្លាំង​នៅ​ទឹក​ទី ៤ ក្តី​ក៏​ប៉ុន្តែ​ការ​មាន​ប្រៀប​ផ្នែក​កម្ពស់ បាន​ធ្វើ​ឲ្យ សារ៉ា នៅ​តែ​អាច​យក​ប្រៀប​លើ​ឡាវ ដោយ​ការ​ទាត់ និង​បុក​ជង្គង់ ពិសេស​ការ​ម៉ាត់​ទៅ​លើ​ពោះ និង​ផ្ទៃមុខ ដែល​ធ្វើ​ឲ្យ Phanchhai ចង់​គាំង​នៅ​ទឹក​ទី ៤ ផងដែរ។

នៅក្នុង​ទឹក​ទី ៥ សារ៉ា បាន​ផ្តោត​ទៅ​លើ​ការ​ទាត់​ក្រោម​វិញ​ម្តង ហើយ​ទម្ងន់​ជើង​ស្តាំ​របស់​គេ បាន​ធ្វើ​ឲ្យ Phanchhai មាន​របួស​ជើង​ឆ្វេង និង​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ចំនួន ២ លើក ខណៈ​ឡាវ​ម្នាក់​នេះ ត្រូវ​បាន ឆៃ សារ៉ា ទាត់​ឲ្យ​ដួល​ជាមួយ​ភាព​ឈឺ​ចាប់​ចំនួន ២ ដង​នោះ។ នៅ​ទីបំផុត សារ៉ា ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ។

ផ្ទុយ​ពីនេះ ការព្យាយាម​វាយ​អស់​ពី​ចិត្ត​របស់ ពុទ្ធ ឆាយរិទ្ធី មិន​អាច​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ថៃ Noengtrakan បាន​នោះ​ទេ។ អ្នក​ទាំង ២ នេះ បាន​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត តាមរយៈ​ការ​ទាត់ ម៉ាត់ វាយ​កែង និង​ការ​ប្តូរ​ជង្គង់​គ្នា។

ទោះ​យ៉ាង​ណា​ក៏ដោយ តាមរយៈ​ការ​ប្រកួត ៥ ទឹក​ពេញ ឆាយ​រិទ្ធី បាន​ចាញ់​ប្រៀប Noengtrakan លើ​ការ​បុក​ជង្គង់ ដែល​នាំ​ឲ្យ​ចៅក្រម​តាំង ៥ នាក់ ផ្តល់​ពិន្ទុ​ឲ្យ​រូបគេ​ចាញ់​ថៃ​ម្នាក់​នេះ​ជា​ឯកច្ឆន្ទ តែម្តង។

ដោយឡែក កីឡាករ ឡុង សំណាង និង វេង សុភ័ក្រ ដែល​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​យក​ប្រាក់​លាន​ជាមួយ​ថៃ ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​នោះ សុទ្ធ​តែ​ចាញ់​ក្នុងការ​ប្រកួត​ជម្រុះ​ដូចគ្នា។

តាមរយៈ​ការប្រកួត​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ ឡុង សំណាង បាន​ចាញ់​ថៃ Phitnoy ឯ វេង សុភ័ក្រ បាន​ចាញ់ Maisoth ដោយ​ពិន្ទុ​ដូចគ្នា ហើយ Maisoth បាន​បន្ត​យក​ឈ្នះ Phitnoy ក្នុង​ផ្តាច់ព្រ័ត្រ ដើម្បី​យក ៤ លាន​រៀល និង Phitnoy បាន ២ លាន​រៀល៕
Via :postkhmer