​ការ​ប្រកួត​កីឡាតេក្វាន់ដូ ITF ជ្រើស​រើស​ជើងឯក​ថ្នាល​ពាន​រង្វាន់​ឯកឧត្តម បួន លឹមហេង លើក​ទី​១ ឆ្នាំ​២០១៨ ដែល​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិល​មិញ នៅ​​វិមាន​ពហុកីឡដ្ឋាន​ជាតិ ​បាន​រក​ឃើញ​អត្តពលិក​មាន​គុណ​ភាព ជា​ច្រើន ដែល​មាន​សមត្ថ​ភាព អាច​ដាក់​ចូល​ក្នុង​ការ​ប្រមូល​ផ្តុំក្រុម​ថ្នាលបាន។

លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITFកម្ពុជា ​បាន​​ប្រាប់​ក្រោយការ​ប្រកួត​ថា៖​«យើង​ធ្លាប់​បាន​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ថ្នាល​នេះ ២​លើក​មក​ហើយ ចំណែក​ការ​ប្រកួត​ពាន​រង្វាន់​ឯកឧត្តម បួន លឹមហេង នេះ​ វា​ជា​លើក​ទី​១ ដែល​យើង​ធ្វើ​ឡើង ប៉ុន្តែ​បើ​ប្រៀប​ធៀប​កម្រិត​នៃ​ការ​ប្រកួត គឺ​​នៅ​ឆ្នាំ​នេះ មាន​អ្នក​ចូល​រួម​ច្រើន​ជាង​កន្លង​ទៅ ហើយ​គុណ​ភាព​របស់​ពួក​គេ មាន​ការ​រីក​ចម្រើន​ ទាំង​លើ​បច្ចេក​ទេស​មេគុន និង​ប្រយុទ្ធ»។

តាម​រយៈ​ការ​ប្រកួត​ត្រឹម២​ថ្ងៃ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​នោះ មាន​អត្តពលិក​ចំនួន​១២១នាក់(ស្រី​៣៥​នាក់) មក​ពី​១១​ក្លិប បាន​ចូល​រួម ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នេះ គឺ​ភាគ​ច្រើន សុទ្ធតែ​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និងសំរឹទ្ធ ព្រោះ​ការ​ប្រកួតនេះ មាន​រហូត​ដល់​២៦​វិញ្ញាសា និង​បានកំណត់​ចំណាត់​ថ្នាក់ពី​លេខ​១ លេខ​២ និងលេខ​៣​ស្ទួន។

ទាក់​ទង​នឹង​អ្នក​ទទួល​បាន​មេដាយ​មាស ក្នុងការ​ប្រកួតនេះ លោក​ បួន ហ៊ីងសុធីយ៉ា បាន​បញ្ជាក់​​ថា៖​«​សម្រាប់​អ្នក​ទទួល​បាន​ជយលាភី ក្នុងការ​ប្រកួតនេះ យើង​បាន​សម្លឹងឃើញ​​រហូត​ដល់​​៤​ទៅ​៥​នាក់ ដែល​អាច​ដាក់​ចូល​ឲ្យ​​ហ្វឹក​ហាត់ ក្នុងការ​ប្រមូល​ផ្តុំ​​ក្រុមថ្នាល នៅ​ឆ្នាំ​ក្រោយ ព្រោះ​ពួក​គាត់ មាន​ការ​រីកចម្រើន មែន​ទែន»។

ជាមួយ​ការ​ទទួល​បាន​ជោគ​ជ័យ ការ​ប្រកួត​កីឡាតេក្វាន់ដូ ITF ជ្រើស​រើស​ជើងឯក​ថ្នាល​ពាន​រង្វាន់​ឯកឧត្តម បួន លឹមហេង លើក​ទី​១ ឆ្នាំ​២០១៨​នេះ លោក បួន លឹមហេង ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITFកម្ពុជា បាន​សម្តែង​ការ​សប្បាយ​រីក​រាយ​ខ្លាំង ហើយ​លោក​បាន​សន្យា​ថា នឹង​​រៀបចំ​ឲ្យ​មានការ​ប្រកួតនេះ ជា​រៀង​រាល់​ឆ្នាំ៕
Via :cambosport