ភ្នំពេញៈ ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើស​រើស​ជើង​ឯក​ថ្នាល ពាន​រង្វាន់​ឯក ឧត្តម បួន លឹមហេង ឆ្នាំ ២០១៨ ដែល​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ត្រូវ​បាន​មន្ត្រី​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា ចាត់​ទុក​ថា ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បណ្តុះ​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ សម្រាប់​បន្តវេន​លើ​ប្រភេទ​កីឡា​នេះ និង​សម្រាប់​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

បើ​ទោះបី​ជា​ការ​ប្រកួត​នេះ ត្រូវបាន​ធ្វើ​ឡើង ត្រឹម ២ ថ្ងៃ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ប៉ុន្តែ​អត្តពលិក​ចំនួន ១២១ នាក់ (ស្រី ៣៥ នាក់) ដែល​ភាគ​ច្រើន​ជា​យុវជន មក​ពី​ក្លិប​ចំនួន ១១ បាន​ព្យាយាម​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ក្លាយជា​ម្ចាស់​ជយលាភី នៅ​លើ​ប្រភេទ​វិញ្ញាសា ដែល​មាន​រហូត​ដល់ ២៦ ក្រោម​ការ​កោត​សរសើរ​ពី​ថ្នាក់​ដឹកនាំ និង​មន្ត្រី​កីឡា​ជា​ច្រើន​ទៀត ដែល​បាន​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ នោះ។

តាមរយៈ​ការប្រកួត​នោះដែរ លោក បួន ហ៊ីង​សុធីយ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា បាន​មើល​ឃើញ​ថា អត្តពលិក​វ័យ​ក្មេង ដែល​ទទួល​បាន​ជយលាភី​ទាំង​នោះ សុទ្ធ​តែ​មាន​សមត្ថភាព​ល្អ ដែល​អាច​ជា​អ្នក​ស្នង បន្ត​វេន លើ​ប្រភេទ​កីឡា​តេក្វាន់ដូ ITF ទៅ​ថ្ងៃ​អនាគត និង​ជា​ធនធាន សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា ស៊ីហ្គេម ឆ្នាំ ២០២៣។

លោក​បាន​និយាយ ក្រោយ​ការ​ប្រកួត​ថា៖ «គោល​បំណង​ធំ​ទី ១ របស់​យើង គឺ​យើង​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ហើយ ១ ទៀត យើង​ត្រូវ​សម្រិត​សម្រាំង​កីឡា​ថ្នាល​របស់​យើង សម្រាប់​ការ​ហ្វឹកហ្វឺន​ក្រុម​ជម្រើស​ជាតិ និង​ត្រៀម​ដុស​ខាត់​ពួក​គាត់ ដើម្បី​ស្នង ឬ​បន្តវេន​អ្នក​ជំនាន់​មុន ក៏​ដូចជា សម្រាប់​ត្រៀម​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ផ្សេងៗ​ទៀត»។

ជាមួយនឹង​ទិសដៅ​វែង​ឆ្ងាយ​នេះ លោក បួន ហ៊ីង​សុធីយ៉ា បាន​បញ្ជាក់​ថា៖ «ក្មេងៗ ដែល​ទទួល​បាន​ជយលាភី នៅ​ក្នុង​ការ​ប្រកួត​នេះ យើង​នឹង​ជ្រើសរើស​ពួកគាត់​ឲ្យ​ចូល​ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើស​ជាតិ​ថ្នាល នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​យើង​ត្រូវ​មាន​នីតិវិធី​មួយ​ទៀត គឺ​ជ្រើស​រើស​រវាង​អ្នក​ឈ្នះ និង​អ្នក​ឈ្នះ សម្រាប់​ដាក់​ក្នុង​ក្រុម​ថ្នាល​របស់​យើង ហើយ​បើ​តាម​ដែល​ខ្ញុំ​មើល​ឃើញ គឺ​មាន​អត្តពលិក​វ័យ​ក្មេង​រហូត​ដល់ ៤ ទៅ ៥ នាក់ ព្រោះ​ពួក​គាត់ មាន​ការ​រីក​ចម្រើន​មែន​ទែន»។

ចំណែក លោក បួន លឹម​ហេង ជា​ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា បាន​សម្តែង​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ខិតខំ​ប្រឹង​របស់​សហព័ន្ធ ក្នុងការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ដែល​នៅ​តែ​ធ្វើ​ឲ្យ​លោក អាច​ចូលរួម​ជួយ​ដល់​កីឡា​តេក្វាន់ដូ ITF និង​លើក​ទឹកចិត្ត​ដល់​យុវជន​ឲ្យ​ចូលរួម​ប្រកួត​កីឡា​នេះ។

ជាមួយ​គុណ​ប្រយោជន៍​នេះ លោក បួន លឹមហេង ជា​ឪពុក​របស់​លោក បួន ហ៊ីងសុធីយ៉ា បាន​ប្រកាស ក្នុង​ពិធី​បិទ​ការ​ប្រកួត កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ នោះ​ដែរ លោក​នឹង​ព្យាយាម​រៀបចំ​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើសរើស​ជើង​ឯក​ថ្នាល​ពាន​ឯកឧត្តម បួន លឹមហេង នេះ​ឲ្យ​បាន​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ចូលរួម​បណ្តុះ​ថ្នាក់​ថ្នាល លើ​ប្រភេទ​កីឡា​នេះ ឲ្យ​បាន​ច្រើន និង​ប្រកប​ដោយ​គុណភាព សម្រាប់​ប្រកួត​ប្រជែង​រក​មេដាយ នៅ​លើ​ឆាក​អន្តរជាតិ ជូន​កម្ពុជា នា​ថ្ងៃ​អនាគត៕
Via :postkhmer