ក្រុមបឹងកេត របស់កម្ពុជា គ្រោងនឹងពង្រឹងនៅតំបន់ការពារ និងតំបន់ប្រយុទ្ធ ដើម្បីត្រៀមការប្រកួតវគ្គចាប់ពូល(Group Stage) នៃពានរង្វាន់ AFC Cup 2018 បន្ទាប់ពីពួកគេបានទម្លាក់ក្រុម Lao Toyota FC របស់ឡាវ ក្នុងការប្រកួតវគ្គជម្រុះ Play off Stage នៅទីក្រុងវៀងចន្ទន៍ កាលពីចុងសប្តាហ៍មុននេះ។

លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងហកេត បានប្រាប់ថា៖ «ការប្រកួតនៅវគ្គ Group Stage នេះ នឹងមានភាពតានតឹងខ្លាំង ហេតុនេះយើងនឹងត្រូវហ្វឹកហាត់ពង្រឹងតំបន់ការពាររបស់យើង ឲ្យបានខ្លាំងជាងនេះ ចំណែកតំបន់ប្រយុទ្ធវិញ យើងនៅខ្វះខាតផ្នែកតំបន់ស្លាប ព្រោះការប្រកួតកន្លងមកនេះ ការលេងបាល់ចេញពីតំបន់ស្លាបទាំងសងខាងរបស់យើង មិនសូវជាមានទេ ធ្វើឲ្យយើងមានឱកាសមិនសូវច្រើន អ៊ីចឹងយើងត្រូវពង្រឹងតំបន់ស្លាបនេះឲ្យបានល្អឡើងវិញ»។

សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ វគ្គជម្រុះ Play off Round នៅពហុកីឡដ្ឋានឡាវ ក្នុងទីក្រុងវៀងចន្ទន៍ កាលពីយប់ថ្ងៃសុក្រ កន្លងមកនេះ ក្រុមបឹងកេត បានយកឈ្នះក្រុម Lao Toyota ១-០ ហើយគ្រាប់បាល់ជ័យជម្នះនេះ រកបានដោយខ្សែប្រយុទ្ធជាប្រធានក្រុម ឃួន ឡាបូរ៉ាវី នៅនាទីទី៦១។

ការឈ្នះ ១-០ បន្ថែមទៅលើការស្មើ ៣-៣ ក្នុងការប្រកួតជើងទី១ ក្នុងទឹកដីខ្លួនឯង កន្លងមកនេះ បានធ្វើឲ្យក្រុមបឹងកេត ត្រូវបន្តឡើងទៅកាន់ការប្រកួតវគ្គ Group Stage ជាថ្មីម្តងទៀតដូចកាលពីឆ្នាំ២០១៧ដែរ ហើយលោកនេះពួកគេ ត្រូវឈរនៅពូលជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលហ្វីលីពីន Cerec-Negros ក្រុម Home United របស់សិង្ហបុរី និងក្រុម Shan United លេខ១លីកកំពូលមីយ៉ាន់ម៉ា ឆ្នាំ២០១៧ ហើយការប្រកួតវគ្គចាប់ពូលនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខនេះតទៅ៕

Via :Cambosport