(ម៉ាឡេស៊ី)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៨ បានឈានដល់សប្ដាហ៍ទី២ ហើយ ខណៈកាលពីយប់មិញ ក្រុម PKNP FC របស់កីឡាករ កែវ សុខផេង និងក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ក៏បានបញ្ចប់ការប្រកួតហើយដែរ ដោយលទ្ធផលស្មើមួយ និងចាញ់មួយ ។ រីឯក្រុមរបស់កីឡាករកម្ពុជា ២រូបទៀត ដែលប្រកបអាជីពនៅទីនោះ គឺក្រុម Pahang FA របស់កីឡាករ ចាន់ វឌ្ឍនាកា និងក្រុម Negeri Sembilan របស់ ប្រាក់ មុន្នីឧត្តម ត្រូវប្រកួតល្ងាចនេះ ។

ចំពោះលទ្ធផលកាលពីយប់មិញ ក្រុម PKNP FC បានប្រកួតចាញ់ក្រុមការពារជើងឯក Johor DT ដោយលទ្ធផល ៣-០ ។ ការប្រកួតនេះ បានបញ្ចប់ដោយភាពស្វិតស្វាញបំផុត ស្របពេលកីឡាករ កែវ សុខផេង ត្រូវបានដាក់ឲ្យលេង ៩០នាទីពេញ ប៉ុន្ដែគេ និងមិត្តរួមក្រុម មិនអាចជួយក្រុមស្វែងរកពិន្ទុក្នុងការប្រកួតនេះបានឡើយ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Johor DT បានដាក់សម្ពាធខ្លាំង តាំងពីចាប់ផ្ដើម រហូតដល់ចប់ការប្រកួត អមដោយការរកបាន ៣គ្រាប់ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែមទៀតផង ។

ចំណែកក្រុម Terengganu FC គឺបានប្រកួតស្មើក្រុម Kelantan ដោយលទ្ធផល ១-១ ហើយនេះក៏ជាប្រកួតទី២ ផងដែរ ដែលកក្រុមរបស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន រកបានត្រឹម ១ពិន្ទុ ។ ដោយឡែកក្រុម Pahang វិញ នឹងត្រូវប្រកួតថ្ងៃនេះ ត្រូវជួបក្រុម PKNS ដែលទើប្រកួតស្មើក្រុម Terengganu កាលពីសប្ដាហ៍មុន ខណៈក្រុម Negeri Sembilan ត្រូវប្រកួតជាមួយក្រុម Kuala Lumpur នារសៀលថ្ងៃនេះ៕


Via :khmertalking