ការប្រកួតប្រដាល់គុនខ្មែរ សព្វថ្ងៃនេះខុសប្លែកខ្លះៗទៅនឹងការប្រកួតកាលពីប្រហែល១០ឆ្នាំមុន។ សព្វថ្ងៃនេះ កីឡាករប្រដាល់ជើងខ្លាំងកម្ពុជាកម្របានជួបប្រកួតនឹងជើងខ្លាំងខ្មែរដូចគ្នា ដោយពួកគេរង់ចាំប្រកួតជាមួយកីឡាករបរទេសប៉ុណ្ណោះ សូម្បីប្រកួតដណ្តើមខ្សែក្រវាត់ក៏មានកីឡាករមកពីក្រៅប្រទេសដែរ។ ភាគច្រើន ពួកគេអាចជួបគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ។
យ៉ាងណា បើក្រឡេកមើលកាលពីជាង១០ឆ្នាំមុន កីឡាករកម្ពុជាខ្លាំងៗឧស្សាហ៍ប៉ះកីឡាករកម្ពុជាដូចគ្នាក្នុងការប្រកួតចំាសប្តាហ៍ សូម្បីតែប្រកួតដណ្តើមខ្សែក្រវាត់ក៏សុទ្ធតែកីឡាករខ្មែរដូចគ្នាដែរ។ ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ឬការប្រកួតខ្សែក្រវាត់ភាគច្រើន៣ខែម្តង ឬមួយឆ្នាំម្តង។ ដូច្នេះកីឡាករកម្ពុជាខ្លាំងឧស្សាហ៍បានជួបគ្នាលើសង្វៀនញឹកញាប់ណាស់។
តាមរយៈការប្រែប្រួលខាងលើនេះ Sabay សូមលើកយកគូប្រកួតកីឡាករខ្មែរដូចគ្នា៥គូដែលរាល់ពេលពួកគេជួបគ្នាតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងកក្រើកសង្វៀនតែម្តង។
១-កែវ រំចង់ vs ឡុង សុភី
រាល់ការប៉ះគ្នារវាងជើងខ្លាំងកម្លាំងយក្ស កែវ រំចង់ និងកំពូលអ្នកលេងជង្គង់ ឡុង សុភី តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងអ្នកទស្សនាពេញសង្វៀនតែម្តង។ អ្នកទាំងពីរជួបគ្នាញឹកញាប់នៅសង្វៀនបាយ័នបឹងស្នោរ។ ការវ៉ៃរបស់អ្នកទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនគឺ កែវ រំចង់ពូកែខាងកណ្តាប់ដៃ និងកែង ខណៈឡុង សុភីពូកែឡើងជង្គង់។ បើនិយាយពីលទ្ធផលវិញ អ្នកទាំងពីរមានឈ្នះ មានចាញ់ទៅវិញទៅមក។
២-ធន់ សុភា vs វ៉ោយ សុធន់
បើនិយាយដល់អតីតកាលរបស់លោកអាជ្ញាកណ្តាល ធន់ សុភា លោកអ្នកប្រាកដជានឹកឃើញដល់កីឡាករ វ៉ោយ សុធន ដែលបានជួបវ៉ៃគ្នាញឹកញាប់ណាស់។ ធន់ សុភា ជាអ្នកប្រដាល់ដែលរឹងមាំ និងចេញជើងទាត់ និងកណ្តាប់ដៃមួយៗ ប៉ុន្តែធ្ងន់ល្អ ខណៈ វ៉ោយ សុធន់ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងលើស្នៀតដើរចូលឡើងជង្គង់ដែលអាវុធនេះបង្ហាញឲ្យគេដឹងមុន។ ថ្វីបើជួបប្រកួតគ្នាញឹកញាប់មែន ប៉ុន្តែជាលទ្ធផល វ៉ោយ សុធន់ កម្រឈ្នះ ធន់ សុភា ណាស់។
៣-ឡឹក វិបុល vs ផៃ ប៊ុនជឿ
អតីតលេងកែងពិឃាដ ឡឹក វិបុល និងអ្នកលេងរន្ទះជើង ផៃ ប៊ុនជឿ ជាដៃគូដ៏ស្វិតស្វាញ និងកក្រើកពិភពប្រដាល់គុនខ្មែរកាលពីមុន។ អ្នកស្នេហាប្រដាល់គុនខ្មែរសម័យនោះប្រាកដជាចាំយ៉ាងច្បាស់រាល់ពេលដែលអ្នកទាំងជួបគ្នាគឺកក្រើកសង្វៀន TV5 តែម្តង។ ដោយសារខ្លាំងប៉ះខ្លាំង ដូច្នេះលទ្ធផលមានឈ្នះ មានចាញ់ដោយពិន្ទុតែប៉ុណ្ណោះ។
៤-ជ័យ កុសល vs នួន សូរិយា
ជ័យ កុសល និង នួន សូរិយា អាចចាត់ទុកថា ដៃគូប្រកួតដ៏ទាក់ទាញសម្រាប់អ្នកស្នេហាប្រដាល់គុនខ្មែរពីមុន ប៉ុន្តែអ្នកទាំងពីរមានដៃគូខ្លាំងជាច្រើនទៀតដែលអាចទាក់ចិត្តអ្នកទស្សនា។ បើនិយាយពីផ្លែប្រយុទ្ធរបស់អ្នកទាំងពីរខុសតិចប៉ុណ្ណោះក្នុងនោះ នួន សូរិយា ពូកែប្រើកណ្តាប់ដៃ និងទាត់បានល្អ ខណៈ ជ័យ កុសល ពូកែកណ្តាប់ដៃ និងកែង។ និយាយរួមអ្នកទាំងពីរជួបគ្នាមិនច្រើនលើកទេ ប៉ុន្តែលទ្ធផលបានត្រឹមឈ្នះចាញ់គ្នាដោយពិន្ទុប៉ុណ្ណោះ។
៥-ឡៅ ស៊ីណាត vs បឺត ខាំ
ចុងឆ្នាំ២០០៨ទៅដើមឆ្នាំ២០១០ អ្នកនិយមតាមដានវិស័យកីឡាប្រដាល់គុនខ្មែរ ប្រាកដជាចាំយ៉ាងច្បាស់អំពីដៃគូប្រកួតដ៏ស្វិតស្វាញលើសង្វៀនគឺអ្នកលេងស្នៀតគុនចម្រុះ ឡៅ ស៊ីណាត និងអ្នកលេងកណ្តាប់ដៃរហ័ស បឹត ខាំ។ គូនេះជួបគ្នាមិនបានច្រើនឡើងពោលគឺប្រហែលជា៣ដងប៉ុណ្ណោះ ប៉ុន្តែវ៉ៃលើកណាក៏កក្រើកខ្លាំងដែរ។ រាល់ការជួបគ្នារបស់អ្នកទាំងពីរជៀសមិនផុតពីលោកអាជ្ញាកណ្តាលរាប់ និងសន្លប់ពាក់កណ្តាលផ្លូវ ប៉ុន្តែក៏មានឈ្នះមានចាញ់ម្តងម្នាក់ដែរ៕
សម្រាប់បងប្អូនដែលតាមដានគុនខ្មែររហូតមក តើគិតថា គូប្រដាល់កម្ពុជាណាទៀតដែលកក្រើកខ្លាំងពេលប៉ះគ្នាម្តងៗ?
Via :news.sabay