ភ្នំពេញ៖ លោក Claude AZEMA ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានចេញលិខិតមួយហាមឃាត់ លោក មាស សារិន ដែលជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និង ជាអគ្គលេខាធិការសហព័ន្ធប៉េតង់អាស៊ានមិនឲ្យលោកដឹកនាំ ឬពាក់ព័ន្ធក្នុងស្ថាប័នប៉េតង់ទាំងថ្នាក់ជាតិ -អន្តរជាតិមួយជីវិត ។

ក្នុងលិខិតដែលសហព័ន្ធអន្តរជាតិផ្ញើមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា​រួមទាំងសហព័ន្ធកីឡាប៉េតង់ជាសមាជិកទាំងអស់នោះបានបញ្ជាក់ថា លោក មាស សារិន ត្រូវបានគេចោទប្រកាន់ថាបានតាក់តែងសេចក្ដីរាយការណ៍មហាសន្និបាតមិនស្របតាមដំណើរការដែលបដិសេធធ្វើការកែតម្រូវចាំបាច់ដែលស្នើដោយអ្នកចូលរួម ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានប៉ុនប៉ងរៀបចំការប្រកួតជើងឯកអាស៊ីក្លែងក្លាយដោយគ្មានការចូលរួមពីសហព័ន្ធអន្តរជាតិនោះទេ ហើយលោកបានព្យាយាមអន្តរាគមន៍ជាច្រើនលើកច្រើនសារទៅសហព័ន្ធនានាដោយបានសម្រេចជាអត្តនោម័តអំពីការដាក់វិញ្ញាសាចូលរួមក្នុងការប្រកួតដោយគ្មានមូលដ្ឋានដើម្បីកោះហៅសហព័ន្ធទាំងនោះឲ្យមកចូលរួមជាមួយបំណងរបស់ខ្លួន ។

ក្នុងលិខិតបានបន្តថា លោកក៏បានស្នើទៅសហព័ន្ធអតីតសមាជិកប៊ូល និងប៉េតង់អាស៊ី កុំឲ្យចូលរួមក្នុងការបង្កើតសហព័ន្ធថ្មីតាមការចង់បានរបស់សហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិថែមទៀតផង ដោយលោកបានតាក់តែងសេចក្ដីព្រាងលក្ខន្តិកៈដែលមានបទប្បញ្ញតិផ្ទុយវិធានទូទៅនៃច្បាប់កីឡា និងសេចក្ដីព្រាងលក្ខន្តិកៈគំរូរបស់សហព័ន្ធប៉េតង់អន្តរជាតិ ។ បន្ថែមពីលើនេះ លោក ឯម ហៀង ដែលជាអគ្គលេខាធិការរងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាដែលត្រូវបានគេដឹងថា ជាដៃគូរបស់ លោក មាស សារិន​ នោះក៏ត្រូវបានសហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិ កំពុងតែប្រមូលរកធាតុផ្សំនានាដើម្បីដាក់ទណ្ឌកម្មលើរូបលោក (ឯម ហៀង) ផងដែរ ។

សូមបញ្ជាក់ថា សហព័ន្ធប៊ូល និងប៉េតង់អន្តរជាតិ បានផ្ដល់សិទ្ធិឲ្យកម្ពុជារួចជាស្រេចហើយដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនៅឆ្នាំ២០១៩ ប៉ុន្តែប្រសិនបើកម្ពុជាមិនចាត់វិធានការលើបុរសទាំង២រូបនេះទេនោះសិទ្ធិនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនេះនឹងត្រូវដកហូតវិញជាមិនខាន ។ បើតាមការឲ្យដឹងពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មកនោះថា លោកមាស សារិន បានស្ម័គ្រចិត្តដកខ្លួនចេញដោយស្ងៀមស្ងាត់ហើយចំណែកឯ លោក ឯម ហៀង នៅមិនទាន់ឮមាត់ឮកនៅឡើយទេ ៕

Via :camsports