កិច្ចប្រជុំរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិដែលមានឈ្មោះថា FIFA Executive Football Summit ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Sofitel រាជភ្នំពេញ កាលពីថ្ងៃសុក្រ កន្លងទៅ បានផ្តោតលើចំណុចសំខាន់ៗជាច្រើន ពិសេសលើកម្មវិធីអភិវឌ្ឍយុវជន កីឡាបាល់ទាត់នារី និងកម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិ។ ជាមួយគ្នានេះ លោក Gianni Infantino ដែលជាប្រធាន FIFA នោះ ក៏បានកោតសរសើរដល់កិខ្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើគម្រោងបង្កើតសាលាតម្រង់ទិសទូទាំង២៥ខេត្ត-ក្រុង ផងដែរ។

លោក Infantino ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ មុននឹងបានចូលរួមរួមក្នុងកិច្ចប្រជុំ FIFA Executive Football Summit រយៈពេល១ថ្ងៃនោះ បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំការប្រជុំនេះ ដែលមានការចូលរួមពីប្រធាន អនុប្រធានមកពីសហព័ន្ធជាសមាជិកចំនួន៣ទ្វីបដែលរួមមានទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វិក»។

លោក Infantino បានបញ្ជាក់ថា៖ «កិច្ចប្រជុំរបស់យើងផ្តោតលើចំណុចសំខាន់ជាច្រើនដូចជា ការអភិវឌ្ឍកីឡាបាល់ទាត់យុវជនទៅថ្ងៃអនាគត កីឡាបាល់ទាត់ស្ត្រី កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ទៅថ្ងៃអនាគតដែលមានឈ្មោះថា Forward Program ការផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងរវាងសហ័ន្ធ និងសហព័ន្ធ។ ជាចុងក្រោយយើងបាននិយាយពីការដោះដូរកីឡាករ និងកម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិ»។

បើយោងទៅតាមលោក ខៀវ សាម៉េត អនុប្រធានរបស់ FFC បានបញ្ជាក់ថា FIFA បានបង្កើនគម្រោងថវិការបស់ខ្លួនចាប់ពី២៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ រហូតដល់១,២៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ការជួយដល់គម្រោងអភិវឌ្ឍរបស់កម្ពុជា ខណៈដែលគម្រោងថ្មីដែល FIFA បានផ្តល់ឲ្យគឺចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ៕

កែសម្រួលដោយ៖ Cambosport
Via : Cambosport