កីឡាករជើងខ្លាំងជួរមុខរបស់កម្ពុជា ផល សោភ័ណ្ឌ ប្រាប់ពីតិចនិកផ្ដួលអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃម្សិលមិញថា រូបគេប្ដូរស្នៀតប្រកួតខុសពីមុនៗ។
ផល សោភ័ណ្ឌ លើកឡើងថា រាល់កីឡាករថៃដែលមកប្រកួតជាមួយរូបគេនាពេលកន្លងមក មិនថាកម្មវិធីខ្សែក្រវាត់ម្សិលមិញនោះទេ គឺភាគច្រើនប្រយ័ត្នកែង និងព្យាយាមដើរវ៉ៃយ៉ាងម៉េចក៏ដោយមិនភ្លេចទេការពារកែង។ ការប្រុងប្រយ័ត្នតែផ្នែកខាងលើនេះហើយ ជាហេតុចន្លោះប្រហោងផ្នែកក្រោម ដូច្នេះអ្នកប្រដាល់ពីខណ្ឌដង្កោសាកល្បងចាក់ជើងក្រោម ហើយដោយឃើញបានផល ក៏សម្រុកទាត់រហូតដល់ដៃគូមិនអាចបន្តការប្រកួតបានត្រឹមទឹកទី១នោះទៅ។ ណាមួយឥលូវរូបគេព្យាយាមប្រើស្នៀតចាក់ជើងក្រោមច្រើន ព្រោះស្នៀតមុនៗដៃគូដឹង និងការពារបានល្អដូច្នេះត្រូវប្ដូររបៀបថ្មីទៀត។
អ្នកប្រដាល់រហ័សកែងខាងលើបន្តថា សូម្បីតែខ្លួនឯងក៏មិននឹកស្មានថាអាចយកជ័យជម្នះលឿនដូចនេះទេ ពោលគឺភាគីខាងថៃប្រហែសពេក ឲ្យខ្លួនទាត់ចូលពេញៗដូចនេះ។ សម្រាប់ជ័យជម្នះនេះដែរ សោភ័ណ្ឌ ក៏មិនភ្លេចអរគុណដល់អ្នកគាំទ្រគ្រប់រូបផងដែរ ដែលតែងតែលើកទឹកចិត្តមិនថាពេលប្រកួតចាញ់ ឬឈ្នះនោះទេ។
នាឱកាសបើកកម្មវិធីប្រកួតខ្សែក្រវាត់ Carabao ជាផ្លូវការពេលនោះដែរ ឯកឧត្ដម តែម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងដែរថា ចំពោះកីឡាករដែលជាបេក្ខភាពប្រកួតក្នុងកម្មវិធីមួយនេះទាំងអស់ត្រូវតែខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព និងប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អ។ បើទោះជាខ្លួនត្រូវធ្លាក់ចេញពីកម្មវិធីពេលណាក៏ដោយ ក៏ត្រូវប្រកួតឲ្យល្អនោះដែរ ដើម្បីបំពេញបំណងអ្នកទស្សនា ក៏ដូចជាការតបស្នងទៅអ្នកដែលតែងតែគាំទ្រគុនខ្មែរ និងមកទស្សនាមិនដែលខាន។
ប្រធានសហព័ន្ធរូបនេះក៏ប្រាប់ដល់គណៈកម្មការ ចៅក្រម អាជ្ញាកណ្ដាលទាំងអស់ត្រូវកាត់សេចក្តីដោយយុត្តិធម៌បំផុត និងព្យាយាមប្រាប់កីឡាករអំពីសមត្ថភាពរបស់ពួកគេ ថាកំពុងនៅក្នុងកម្រិតណា មានចំណុចល្អអ្វី ហើយត្រូវកែប្រែចំណុចណាឡើងវិញ។
ផល សោភ័ណ្ឌ ផ្ដួលថៃឲ្យសន្លប់ទឹកទី១ និង ឡុង សំណាង ផ្ដួលឡាវសន្លប់ទឹកទី២ ឥលូវកំពុងមានម្នាក់៣ពិន្ទុនាជុំដំបូងរបស់ពួកគេ ខណៈ ឡៅ ចិត្រា និង ចាន់ ប៊ុនលាភ នឹងត្រូវប្រកួតសប្ដាហ៍បន្ទាប់។ សម្រាប់ខ្សែក្រវាត់រដូវការលទី៤នេះ ជើងឯកលេខ១ ទទួលបានទឹកប្រាក់ ៦០០០ដុល្លារ លេខ២ ទទួលបានទឹកប្រាក់ ៣០០០ដុល្លារ និងលេខ៣ ទទួលបានទឹកប្រាក់ ៦០០ដុល្លារ៕
Via :news.sabay