យ៉ាងណាក៏ដោយ ភាពខ្លាំងរបស់ក្រុមលីកកំពូលហ្វីលីពីន ឆ្នាំ២០១៧ Ceres-Negros រួមទាំងការបាត់កីឡាករសំខាន់៣នាក់ គឺខ្សែប្រយុទ្ធ Julius Oiboh, Samuel Gbenga និងខ្សែការពារ សេត រ៉ូហ្ស៊ីប បាននឹងកំពុងធ្វើឲ្យក្រុមបឹងកេត មានកង្វល់ច្រើន សម្រាប់ការប្រកួតបើកឆាក វគ្គចាប់ពូល(Group Stage) ប្រចាំពូលF នៅថ្ងៃនេះ មុនពេលពួកគេបន្តទៅជួបក្រុម Home United របស់សិង្ហបុរី និងក្រុមលេខ១លីកកំពូលមីយ៉ាន់ម៉ា ឆ្នាំ២០១៧ Shan United។

លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់ថា៖ «ក្រុម Ceres-Negros គឺជាក្រុមខ្លាំងមួយ នៅក្នុងពូលនេះ ហើយតាមខ្ញុំមើលវីដេអូ ការប្រកួតរបស់ក្រុមនេះ គឺក្រុមរបស់ហ្វីលីពីន មួយនេះ ពិតជាមានទម្រង់ល្អ និងលេងលឿន ដែលយើងត្រូវតែផ្តោតខ្លាំងទៅលើការងារ និងវាយបកឲ្យបានលឿន»។

លោកបានបន្ថែមថា៖ «ប៉ុន្តែយើងបានជួបរឿងចាយដន្យមួយ ដោយសារតែយើងបានបាត់បង់កីឡាករសំខាន់រហូតដល់៣នាក់ អ៊ីចឹងយើងមិនទាន់មានសង្ឃឹមដល់យកឈ្នះក្រុម Ceres-Negros នោះទេ គឺយើងចង់បានស្មើច្រើនជាង ដោយសារនេះជាការប្រកួតនៅលើទឹកដីរបស់គេ»។

គួររំឭកថា សម្រាប់ការប្រកួតពានរង្វាន់ AFC Cup 2017 Ceres-Negros ទទួលបានលេខ១ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN Zone) បន្ទាប់ពីពួកគេឈ្នះក្រុម Home United របស់សិង្ហបុរី ៣-២ ក្នុងការប្រកួតទាំង២ជើង នៅវគ្គផ្តាច់ព្រ័ត្រ។

ប៉ុន្តែការបន្តទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Inter Zone play-off ក្រុម Ceres-Negros បានចាញ់ក្រុមមកពីតំបន់អាស៊ីកណ្តាល (Central Asia Zone) គឺ Istiklol របស់តាហ្ស៊ីគីស្ថាន ៥-១ និងបាត់ឱកាសទៅវគ្គផ្តាច់ព្រ័ត្រ។ ទោះយ៉ាងណា ក្រុម Ceres-Negros បានទទួលពាន Fair play Award ប្រចាំការប្រកួត AFC Cup 2017 នោះ។

យ៉ាងណាមិញ សម្រាប់ការធ្លាក់មកលេងក្នុងវគ្គ Group Stage នៃពានរង្វាន់ AFC Cup 2018 នៅពេលនេះ ដោយសារតែក្រុម Ceres-Negros បានចាញ់ក្រុមលីកកំពូលរបស់ចិន Tiajin Duanjian ២-០ ក្នុងវគ្គ Play off Round នៃពានរង្វាន់លំដាប់លេខ១របស់ទ្វីបអាស៊ី AFC Champion League 2018 បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៤-៣ ដោយទាត់បាល់ប៉េណាល់ទី ក្រោយស្នើគ្នា ១-១ ក្នុងវគ្គ Preliminary 1 និងឈ្នះក្រុម Brisbane Roar របស់អូស្រ្តាលី ៣-២ ក្នុងវគ្គ Preliminary២៕