ភ្នំពេញ: តាម​សេចក្តី​ជូន-ដំណឹង​ពី​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា និង​គណៈ កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​បើក​ការ ប្រកួត​អុក ចត្រង្គ រដូវ​កាល​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៨ ដោយ​ត្រៀម​ប្រកួត​ជម្រុះ ៣ ដំណាក់ កាល និង​មាន​ការ​ចូល​រួម​ទាំង ២៥ ខេត្ត និង​រាជធានី ដោយ​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ ១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នេះ​តទៅ​ហើយ។

ជាមួយគ្នានេះ​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា ៧ មណ្ឌល ហើយ​ក្នុង​មណ្ឌល​នីមួយៗ​យ៉ាង​តិច​មាន​បេក្ខជន​ពី ៣ ទៅ ៤ ខេត្ត ចូលរួម។

លោក​ឈាវ បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា និង​ជា​អតីត​ស្តេច​អុក​ចត្រង្គ​មហាសង្គ្រាន ២ ឆ្នាំ​ជាប់ៗ​គ្នា ពោល​គឺ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​ឆ្នាំ ២០១៨ នេះ មាន ៣ ដំណាក់កាល ចែក​ចេញ​ជា ៧ មណ្ឌល ខណៈ​ដែល​ក្នុង​មួយ​មណ្ឌល​មាន​បេក្ខជន​ចូល​ប្រកួត​ប្រជែង​យ៉ាង​តិច​ចំនួន ៣ ខេត្ត ដើម្បី​ជម្រុះ​ក្នុង​ដំណាក់​កាល​ទី ១ ជម្រើស​អ្នក​ឈ្នះ​តំណាង​តាម​មណ្ឌល​ឡើង​មក​ប្រកួត​ថ្នាក់​ជាតិ។

លោក​ឈាវ បូរ៉ា បាន​បន្តថា មណ្ឌល​ទី ១ ព្រះសីហនុ មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្ត​កំពត និង​ខេត្ត​កោះកុង។ មណ្ឌល​ទី ២ កំពង់ស្ពឺ មាន​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ។ មណ្ឌល​ទី ៣ កំពង់ចាម​មាន​ខេត្ត​កំពង់ចាម​ខេត្ត​ត្បួងឃ្មុំ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង។

មណ្ឌល​ទី ៤ បាត់ដំបង​មាន​ខេត្ត​បាត់ដំបង​ខេត្ត​ពោធិ៍សាត់​ខេត្ត​ប៉ៃលិន។ មណ្ឌល​ទី ៥ សៀមរាប មាន​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ។ មណ្ឌល​ទី ៦ ក្រចេះ មាន​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​មណ្ឌលគិរី។

មណ្ឌល​ទី ៧ ភ្នំពេញ មានតែ​រាជធានី​ភ្នំពេញ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ មាន​បេក្ខជន​ច្រើន​ចូល​ប្រកួត​ប្រជែង។

លោក​ឈាវ ប៉ូរ៉ា បាន​បន្ថែម​ថា៖ «ការ​ប្រកួត​នៅ​តាម​មណ្ឌល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៨ តទៅ ដោយ​ជម្រើស​យកតាម​មណ្ឌល​តែ ៣ នាក់​ប៉ុណ្ណោះ​មក​ប្រកួត​នៅ​ថ្នាក់​ជាតិ ដំណាក់កាល​ទី ២ ជ្រើស​យក​ចំនួន ៨ រូប​ដើម្បី​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​យក​ចំណាត់​ថ្នាក់​លេខ ១ ស្តេច​អុក​តែម្តង នៅ​ឯ​មុខ​ប្រាសាទ​អង្គរ​ខេត្ត​សៀមរាប នៅ​ខែ​មេសា ពោល​គឺ​នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​តែ​ម្តង។

លោក​ក្រូច ចន្ថារិទ្ធ ហៅ​ត្រេ​ន ដែលជា​ជើង​ខ្លាំង​ម្នាក់​ធ្លាប់​ឈ្នះ​ជើង​ឯក​ឆ្នាំ ២០០១ និង​ជើង​ឯក​រង ប្រចាំ​ឆ្នាំ ២០១៤ នោះ បាន​និយាយ​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​ប្រជែង​ឆ្នាំ ២០១៨ នេះ ខ្ញុំ​មិន​ចូលរួម​ទេ​ដោយ​ដាក់​ខ្លួន​ចូល​និវត្តន៍ ហើយ​មក​ធ្វើជា​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​វិញ និង​ទុក​ឱកាស​ឲ្យ​ក្មេងៗ​បង្ហាញ​សមត្ថភាព»។

លោក​បាន​បញ្ជាក់​ថា៖ «ការដាក់​ពាក្យ​ប្រកួត​ឆ្នាំ ២០១៨ នេះ គិត​ត្រឹម​ថ្ងៃនេះ មាន​បេក្ខជន​ជិត ១០០ នាក់ ហើយ​ក្នុង​នោះ​ជើង​ខ្លាំង​មួយ​ចំនួន​មាន​ដូចជា ឆយ វីរ៉ា ស្តេច​អុក​ឆ្នាំ ២០១៧ ហេង​សៅឌី លោក​សុខ លឹម​ហេង លោក​ប៊ុន គាសេង លោក​រស់ រិទ្ធាយ៉ា លោក​ប៊ូ ប៊ុនម៉ាឌីកា និង​លោក​ឈាវ បូរ៉ា បាន​ដាក់​ពាក្យ​រួចរាល់​ហើយ ដើម្បី​ប្រកួត​ជម្រុះ​តាម​មណ្ឌល។

លោក​ឈាវ បូរ៉ា ជើងឯក​ស្តេច​អុក ២ ជំនាន់ បាន​និយាយ​ថា៖ «ឆ្នាំ ២០១៨ នេះ ខ្ញុំ​ចូល​ប្រកួត​ប្រជែង​នៅ​មណ្ឌល​កំពង់ចាម ហើយ​រំពឹង​ថា នឹង​ឈ្នះ​បាន​ឈាន​មក​ប្រកួត​នៅ​ដំណាក់កាល​ទី ២ នៅ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​បន្ត​ដល់​ដំណាក់កាល​ទី ៣ នៅ​ខេត្ត​សៀមរាប។ ទោះ​ជា​យ៉ាង​ណា​លោក​ឈាវ បូរ៉ា នៅ​តែ​ឲ្យ​តម្លៃ​ដល់​ពួក​យុវជន​វ័យក្មេង​មួយ​ចំនួន​មាន​បច្ចេកទេស​លេង​ល្អ និង​អាច​យក​ឈ្នះ​ជើង​ចាស់ៗ​មួយចំ​នួន ពិសេស​ការ​ហ្វឹកហាត់​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ជា​ផ្នែក​ជំនួយ​ស្មារតី​បានល្អ បំបែក​ក្បួន​របស់​អ្នក​លេង​ជើង​ចាស់។

លោក​ខុម ក្រឹម ប្រធាន​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នកលេង​អុកចត្រង្គ​នៅ​ខេត្ត​សៀមរាប បាន​ប្រាប់​ថា៖ «គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​សៀមរាប មាន​អ្នក​ចុះ​ឈ្មោះ​រួចរាល់​បាន​ចំនួន ១១ នាក់ ហើយ​ការ​ប្រកួត​ជម្រុះ​នឹង​ធ្វើ​តាម​បច្ចេកទេស​នៃ​ការ​រៀបចំ​របស់​សហព័ន្ធ ដែល​នឹង​ប្រកួត​តាម​រូបមន្ត​ជម្រុះ​វិលជុំ​រក​អ្នក​ឈ្នះ​ចំនួន ៣ នាក់​ទៅ​ប្រកួត​ដំណាក់កាល​ទី ២ នៅ​ភ្នំពេញ»៕

Via :postkhmer