ជំនួប​ជុំ​ទី៣​វគ្គ​សន្សំ​ពិន្ទុ​យប់​ម្សិលមិញ​នេះ​ សុខ​ ធី​ ហៅ​ កាកា​ ផ្ដួល​ដៃ​គូ​ឲ្យ​របួស​ធ្ងន់​តែ​ម្ដង​ រហូត​គ្រូ​ពេទ្យ​សែង​ចេញ​ពី​សង្វៀន​ប្រកួត។​ បើ​តាម​គ្រូ​ពេទ្យ​ប្រចាំ​នៅ​សង្វៀន​បាយ័ន​ឲ្យ​ដឹង​ថា​ កីឡាករ​​ឡាវ Thanu Petch​ ត្រូវ​របួស​ផុង​ក្ដោង​ច្រមុះ​ យ៉ាង​ហោច​ណាស់​ក៏​សម្រាក​ព្យាបាល​៤៥​ថ្ងៃ​ដែរ​ ទើប​អាច​ជា​សះស្បើយ​វិញ។​


កាកា​ ប្រាប់​ក្រោយ​ប្រកួត​នោះ​ដែរ​ថា​ គេ​មិន​មាន​បំណង​ចង់​ផ្ដួល​ជើង​ខ្លាំង​ឡាវ​ម្នាក់​នេះ​ទេ​ ព្រោះ​វា​ជិត​ចប់​ទឹក​ទី៥​ទៅ​ហើយ​ ប៉ុន្តែ​មួយ​កែង​នោះ​គឺ​ រូប​គេ​បោះ​ចោល​ប៉ុណ្ណោះ​ មិន​នឹក​ស្មាន​ត្រូវ​ ហើយ​របួស​ធ្ងន់​បែប​នេះ​ទេ។​


ការ​ប្រកួត​សប្ដាហ៍​ទី៣​ របស់​ សុខ​ ធី​ ​ធ្វើ​បាន​ល្អ​ដោយ​ផ្ដួល​ Thanu Petch​ ឲ្យ​សន្លប់​ចុង​ទឹក​ទី៥​ កំពុង​មាន​៩ពិន្ទុ​ ៣លើក​ឈ្នះ​ទាំង​៣​ ខណៈ​ ពេជ្រ​ ម្ទេសខ្មាំង​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​នា​ការ​ប្រកួត​ម្សិលមិញ​នេះ​ដែរ៕​