ក្រុម Family FC A បាន​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់ Tiger Street Football Festival​​​ 2018 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​ក្រោយ​ផ្ដួល​​ក្រុម Poipet Empier FC នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ៦-៣ ​មុន​នេះ។

នៅ​មណ្ឌល​ខាង​លើ​នេះ​ការ​ប្រកួត​ធ្វើ​ឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ បើ​ទោះ​ជា​មាន​ក្រុម​ចូលរួម​ដល់​ទៅ​៥០​ក្រុម​ក៏​ដោយ។ ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​នៅ​ជាយ​ដែន​ប៉ោយប៉ែត ​ក្រុម​ទាំង​អស់​លេង​ដោយ​មាន​ស្មារតី​ខ្លាំង​មែនទែន ពោល​គឺ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ទម្រាំ​ស្វែង​រក​ក្រុម​ឈ្នះ​បាន។ ចំពោះ​ចំណាត់​ថ្នាក់​ក្រុម​លេខ​១​ដល់​លេខ​៤​រួម​មាន៖

ក្រុម​ជើង​ឯក​នៅ​មណ្ឌល​ប៉ោយប៉ែត​គឺ Family FC A ​ប្រាក់​រង្វាន់​១ ០០០​ដុល្លារ

ក្រុម​ជើង​ឯក​រង ​បាន​ទៅ​លើ​ក្រុម Poipet Empier FC ប្រាក់​រង្វាន់​៧០០​ដុល្លារ

ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម Family FC B ប្រាក់​រង្វាន់​៣៥០​ដុល្លារ

ក្រុម​ចំណាត់​ថ្នាក់​លេខ៤​បាន​ទៅ​លើ​ Samrong FC ប្រាក់​រង្វាន់​ ១៥០​ដុល្លារ

នៅ​មណ្ឌល​នេះ​ដែរ​ក្រុម​ដែល​មាន​សិទ្ធិ​ឡើង​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​តែ​៣​ក្រុម​ប៉ុណ្ណោះ ​ពី​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៣។ ខណៈ​ដែល​ក្រុម​បាន​លេខ​៤​មិន​មាន​ឱកាស​ទៅ​លេង​នៅ​ភ្នំពេញ​នោះ​ទេ។

នា​ល្ងាច​នេះ​ដែរ ​កម្មវិធី Tiger Street ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​យក្ស​មួយ​ដែរ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ល្បី​ៗ​ដូចជា Zono ​ឳក សុគន្ធកញ្ញា ​ណុប បាយ៉ារឹទ្ធ Step ​និង​រ៉េត ស៊ូហ្សាណា ​ជា​ដើម៕