នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 5 គូរទី 1 រវាងក្រុម Young Fighter FT និងក្រុម Siem Reap FC យើងបានស្វែករកឃើញមួយក្រុមទៀតហើយដែលបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយ ការប្រកួតរវាងក្រុមទាំងពីរនេះបញ្ចប់ទៅដោយលទ្ធផលក្រុម Siem Reap FC យកឈ្នះក្រុម​ Young Fighter FC ដោយលទ្ធផល 8-4។

នៅក្នុងតង់ទី 1 ក្រុម Siem Reap FC បានបើកការសម្រុកមកលើក្រុម Young Fighter FT ខ្លាំងមែនទែន ដោយការបញ្ចប់លេងមិនទាន់បាន 3 នាទីស្រួលបួលផងក្រុម Siem Reap FC បានសុតបញ្ចូលទីក្រុម Young Fighter FT 1-0 ទៅហើយ។ ទោះបីជាក្រុម Siem Reap FC បានធ្វើដំណើរមកពីខេត្តសៀមរាបមែនពិត ប៉ុន្ដែក្រុមលេខ 1 ប្រចាំខេត្តសៀមរាបមួយនេះបានបង្ហាញទំរង់លេងល្អមែនទែន។ ចំណែកក្រុម Young Fighter FT វិញទោះបីជាក្រុមនេះមានកីឡាករវ័យក្រុមច្រើនប៉ុន្ដែពួកគេក៏បានបង្ហាញទំរង់លេងល្អដូចគ្នា ប៉ុន្ដែក្រុម Young Fighter FT នៅខ្សោយត្រង់ការសុតសម្រេចទីបន្ដិច។ បញ្ចប់ការប្រកួតតង់ទីក្រុម Siem Reap FC នាំមុខក្រុម Young Fighter FT ដោយលទ្ធផល 3-1។

ចូលដល់តង់ទី 2 ក្រុម Siem Reap FC នៅតែបន្ដដាក់សម្ពាធមកលើក្រុម Young Fighter FT បន្ថែមពីលើនឹងទៀតដោយកាន់តែសម្រុកខ្លាំងទៅៗ ធ្វើអោយក្រុម Siem Reap FC សុតបញ្ចូលទីមកលើក្រុម Young Fighter FT ជាច្រើនគ្រាប់។ បញ្ចប់ការប្រកួតក្រុម Siem Reap FC យកឈ្នះក្រុម Young Fighter FT ដោយលទ្ធផល 8-4។

ក្រុម Siem Reap FC សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ Timothy Okereke សុតបញ្ចូលទីបាន 6 គ្រាប់។
2. កីឡាករ សាំ សេរីរ័ត្ន សុតបញ្ចូលទីបាន 2 គ្រាប់។

ក្រុម Young Fighter FT សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ ម៉ក់ រស្មីច័ន្ទសីលា សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ ឡាំង ចំអិត សុតបញ្ចូលទីបាន 3 គ្រាប់