កីឡាករជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ បានប្រើក្បាច់កែងផ្តួលជើងខ្លាំងរបស់ថៃ Rong Keat ដែលជាគូសត្រូវចាស់ ឲ្យសន្លប់ធំ ក្នុងរយៈពេលត្រឹមកន្លះទឹក សម្រាប់ការវិលមកជួបគ្នាជាថ្មី នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

ការឌឺដងដោយពាក្យសំដីរបស់អ្នកទាំង២ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅលើសង្វៀន CNC នេះ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៧ បានធ្វើឲ្យអ្នកទស្សនានៅចង់ចាំមិនភ្លេច ដោយកាលនោះ រឿង សោភ័ណ្ឌ បានបបួល Rongkeat វាយដាក់តម្លៃខ្លួន បន្ទាប់ពី Rongkeat បានបោះសំដីថា៖«ការប្រកួតជាមួយ រឿង សោភ័ណ្ឌ អត់ពិបាកវ៉ៃទេ គឺខ្ញុំអាចលកលៃរកវិធីវ៉ៃទៅលើគេបាន ប៉ុន្តែការចាញ់នេះ ដោយសារខ្ញុំធ្វេសប្រហែសធ្វើឲ្យគេបុកចូលមួយជង្គង់ និងឆ្អល់ធ្វើអ្វីមិនកើត នៅទឹកទី២»។

យ៉ាងណាក៏ដោយ សម្រាប់ការវិលជុំគ្នាជាថ្មី កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ទាំងអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនានៅតាមរយៈការផ្សាយផ្ទាល់ ពិតជាមិនអស់ចិត្ត នៅពេលការប្រកួតរវាងអ្នកទាំង២ បានបញ្ចប់ត្រឹមរយៈពេលកន្លះទឹកនោះ គឺមិនទាន់តែបានវាយបកមកលើ រឿង សោភ័ណ្ឌ ស្រួលបួលផង ក៏ត្រូវបាន សោភ័ណ្ឌ ទាត់ចូលពេញ រួចស្ទុះចូលបុកកែងឆ្វេងចំថ្គាមស្តាំ បណ្តាលឲ្យសន្លប់ធំត្រឹមពាក់កណ្តាលទឹកទី១តែម្តង។

ការសន្លប់យ៉ាងផុយស្រួលលើកនេះ បានក្លាយជាមេរៀនថ្មីមួយទៀត សម្រាប់ Rongkeat ចំពោះការមើលស្រាលពីសមត្ថភាពរបស់ រឿង សោភ័ណ្ឌ ព្រោះការប្រកួតលើកនេះ សោភ័ណ្ឌ បានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ដោយសាររូបគេចង់បំបាក់កីឡាករថៃម្នាក់នេះ ហើយនៅពេលនេះគេពិតជាធ្វើបានសម្រេច ពិតប្រាកដមែន។

ចំណែកជើងខ្លាំងទម្ងន់ស្រាល ហ៊ីម សេរី បានសម្រេចការសងសឹកទៅលើជើងខ្លាំង Loukyod ដោយបានយកឈ្នះត្រឹមទឹកទី១ ប៉ុន្តែជ័យជម្នះលើកនេះ ត្រូវបានគេមើលឃើញថា ដោយសារ Loukyod បានជាប់សរសៃស្មាខាងស្តាំ ប្រកួតលែងកើតដោយខ្លួនឯង នៅពេលរូបគេស្ទុះចូលប្តូរកែងជាមួយ ហ៊ីម សេរី៕