ប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ស្រាបៀរថៃហ្គ័របានបើកសន្និសីទកាសែតស្តីពីការបើកការប្រកួត Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងលោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018 ។​

លោក ពេជ្រ នី អ្នកតំណាងស្រាបៀរថៃប្រចាំក្រុងប៉ោយប៉ែត មានប្រសាសន៍ថា នេះលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានក្រុមបាល់ទាត់រហូតដល់ ៥០ ក្រុម លើសពីការរំពឹងទុករបស់ក្រុមហ៊ុន និងលោកបានថ្លែងអំណរគុណកីឡាករទាំងអស់ដែលដាក់ពាក្យចូលរួមក្នុងការប្រកួតបាល់ទាត់Tiger Street Football Festival 2018 និងជូនពរកីឡាករទទួលបានជោគជ័យ និងមានសុវត្ថិភាពក្នុងការប្រកួត។

លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018 បានមានប្រសាសន៍ថា នេះជាលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត និងបានពន្យល់យ៉ាងលម្អិតដល់កីឡាករទាំងអស់អំពីលក្ខខណ្ឌនៃការប្រកួត Tiger Street Football Festival 2018 និងលក្ខខណ្ឌប្រកួត​របស់​​គណៈកម្មការរៀបចំការ​ប្រកួត​ ជាពិសេសត្រូវគោរពពេលវេលា ​គោលការណ៍​ Fair Play។

អ្នកស្រី ថោង បវរលក្ខិណា ដែលជានា​យកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន នេះឲ្យដឹងថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger Street Football Festival ប្រចាំ​ឆ្នាំ​ ២០១៨​ រដូវ​កាល​ទី​ ៦​ បាន​ត្រឡប់​មក​វិញ​ទៀត​ហើយ​ និង​កាន់​តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ ក្រុម​ចូល​រួម​ប្រកួត​កាន់​តែ​ច្រើន និងមានប្រាក់រង្វាន់​សរុប​រហូត​ដល់​៥០០០០​ដុល្លារ។ ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី ១០ និង​ទី​១១ មីនា ឆ្នាំ ២០១៨ នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។