សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងចាប់ដំណើរការប្រកួតជម្រុះ នៅមណ្ឌលខេត្តព្រះសីហនុ នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកជើងខ្លាំង៣នាក់ ឡើងមកប្រកួតថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ រួចឈានទៅប្រកួតយកតំណែងស្តេចអុក ដែលនឹងត្រូវធ្វើនៅថ្ងៃមហាសង្គ្រាន មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ។

សម្រាប់ការប្រកួតជម្រុះមណ្ឌលទី១ នៅខេត្តព្រះសីហនុ គឺត្រូវបានអនុញ្ញាតឲ្យអ្នកចេះលេងអុកចត្រង្គ នៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ធ្វើការប្រកួតប្រជែងគ្នា ដើម្បីរកជើងខ្លាំង៣នាក់ ប្រចាំមណ្ឌលមួយនេះ។ ប៉ុន្តែបើតាមមន្រ្តីរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានឲ្យដឹងថា អ្នកនិយមលេខអុកចត្រង្គ នៅខេត្តកែប និងខេត្តព្រះសីហនុ មិនហ៊ានដាក់ពាក្យចូលរួមប្រកួតទេ ព្រោះពួកគេហាក់ខ្លាចបច្ចេកទេសលេងអុក របស់អ្នកខេត្តកោះកុង និងខេត្តកំពត។

ទាក់ទងនឹងបញ្ជានេះ លោក ឈាវ បូរ៉ា ជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងជាអតីតស្តេចអុកចត្រង្គ២សម័យកាល បានប្រាប់ កាសែតក្នុងស្រុកមួយថា៖ «ការប្រកួតជម្រុះនៅមណ្ឌលខេត្តព្រះសីហនុនេះ មានបេក្ខជនអ្នកលេងអុកត្រឹម១៣នាក់ បានដាក់ពាក្យចូលរួម ដោយក្នុងនោះ មកពីខេត្តកំពត មាន៥នាក់ និង៨នាក់មកពីខេត្តកោះកុង ឯខេត្តកែប និងខេត្តព្រះសីហនុ គ្មានទេ ដោយសារពួកគេហាក់បីដូចជាខ្លាចតាំងពីមុនការប្រកួតម្ល៉េះ»។

គួរបញ្ជាក់ថា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះនៅមណ្ឌលចំនួន៧ នៅទូទាំងប្រទេសកម្ពុជា ដើម្បីរកជើងខ្លាំងនៅតាមណ្ឌលទាំងនោះ ឡើងមកប្រកួតថ្នាក់ជាតិ រួចយកជើងខ្លាំង៨នាក់ ដែលឈ្នះក្នុងការប្រកួតថ្នាក់ជាតិ ឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ដណ្តើមយកតំណែងស្តេចអុកចត្រង្គ ឆ្នាំ២០១៨ ដែលនឹងត្រូវធ្វើនៅមហាសង្គ្រាន មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។

ជាមួយនឹងការប្រកួតជម្រុះ នៅតាមណ្ឌលទាំង៧នេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានចាត់ឲ្យគណៈកម្មរបស់ខ្លួនមួយក្រុម ចុះទៅរៀបចំការប្រកួត ដើម្បីធ្វើឲ្យការប្រកួតនៅតាមមណ្ឌលនីមួយៗ ដំណើរការទៅបានរលូន និងយុត្តិធម៌ ខណៈអ្នកទទួលបានលេខ១ លេខ២ និងលេខ៣ នៅតាមមណ្ឌលនីមួយៗ សុទ្ធតែទទួលបានប្រាក់រង្វាន់ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដូចៗគ្នា។

គិតមកដល់ពេលនេះ ចំនួនអ្នកចូលរួមនៅតាមមណ្ឌល៦ទៀត បានដឹងអស់ហើយ ដោយក្នុងនោះ មណ្ឌលខេត្តកំពង់ស្ពឺ ដែលត្រូវប្រកួតជម្រុះ បន្ទាប់ពីមណ្ឌលខេត្តព្រះសីហនុ មានបេក្ខជនចូលរួមចំនួន១៣នាក់ ឯមណ្ឌលខេត្តកំពង់ចាម មានបេក្ខជន១២នាក់ មណ្ឌលខេត្តបាត់ដំបង មានបេក្ខជន១៦នាក់ មណ្ឌលខេត្តសៀមរាប មានបេក្ខជន១៥នាក់ មណ្ឌលខេត្តក្រចេះ មានបេក្ខជន៦នាក់ ហើយមណ្ឌលភ្នំពេញវិញ ដែលត្រូវប្រកួតជម្រុះក្រោយគេ មានបេក្ខជនចូលរួមរហូតដល់៦៧នាក់ គឺច្រើនជាមណ្ឌលផ្សេងៗទៀត៕