ក្រុមបាល់ទាត់ណាហ្គាវើល បានសម្រេចចុះកុងត្រាជាមួយខ្សែប្រយុទ្ធដ៏មានបទពិសោធជនជាតិនីហ្សេរីយ៉ា George Bisan និង Matthew Okoro បន្ថែមទៅលើខ្សែប្រយុទ្ធបរទេស ២នាក់ទៀត សម្រាប់ត្រៀមការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលនឹងចាប់ដំណើរការ នៅដើមខែមីនា ខាងមុខនេះ។
បើតាមព័ត៌មានផ្លូវការ ដែលត្រូវបានបង្ហោះ នៅលើផេចហ្វេសប៊ុករបស់ក្លិបណាហ្គាវើល កាលពីក្បាលព្រលប់ថ្ងៃពុធ ម្សិលមិញ បានឲ្យដឹងថា ណាហ្គាវើល បានចុះកុងត្រាខ្សែជាមួយខ្សែប្រយុទ្ធមុតស្រួចនីហ្សេរីយ៉ា ចំនួន២នាក់ ទី១ គឺកីឡាករខ្សែប្រយុទ្ធអាយុ២៦ឆ្នាំ George Bisan ដែលជាមធ្យមរកបានជាង១គ្រាប់ ក្នុងមួយប្រកួត ក្នុង៦រដូវកាល នៃលីកកំពូលកម្ពុជា និងទី២ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ Matthew Okoro ដែលបំប៉ោងសំណាញ់បាន៣៨ដង ក្នុង៣រដូវកាលចុងក្រោយ។
នៅមុនពេលនាំយកខ្សែប្រយុទ្ធទើបចេញពីក្រុមព្រះខ័នរាជស្វាយរៀង George Bisan និងខ្សែប្រយុទ្ធរបស់ក្រុមវេស្ទើន Matthew Okoro មកនេះ ណាហ្គាវើល បានក៏បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងវ័យ២៥ឆ្នាំ Han SungGyu ដែលធ្លាប់មានបទពិសោធន៍លេងក្នុង FIFA U20 World Cup ឆ្នាំ ២០១៣ ប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំ២០១៥ ព្រមទាំងខ្សែប្រយុទ្ធវ័យ២៧របស់ជប៉ុន Tatsuro Inui សម្រាប់ជួយក្រុម ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះផងដែរ។
បន្ថែមលើនេះ ណាហ្គាវើល ក៏បាននាំយកកីឡាករកម្ពុជា៣រូប មកចូលរួមជាមួយក្រុម ក្នុងរដូវកាលថ្មីនេះ ផងដែរ ក្នុងនោះមានខ្សែប្រយុទ្ធពោរពេញដោយបទពិសោធអាយុ ២៩ ឆ្នាំ រុន រ៉ានី មកពីក្លិបភ្នំពេញក្រោន អ្នកចាំទីអាយុ ២៧ ឆ្នាំ សាន ឧសភា មកពីក្លិបវេស្ទើនភ្នំពេញ និងអ្នកចាំទីវ័យក្មេងអាយុ ១៩ ឆ្នាំ ដែលទើបនឹងរះថ្មី សៀង ណាមឈាវ៕
ណាហ្គាវើល ចុះកុងត្រាជាមួយ George Bisan និង Matthew ត្រៀមរដូវកាលថ្មី
អត្ថបទទាក់ទង