(ភ្នំពេញ)៖ ក្រុមបាល់បោះបុរស-នារីជម្រើសជាតិក្រោមអាយុ ១៨ឆ្នាំកម្ពុជា សុទ្ធតែរកបាន ៣ពិន្ទុពេញរៀងៗខ្លួន បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះឡាវ នៅក្នុងថ្ងៃបើកឆាកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្ដរជាតិប្រទេសតាមដងទន្លេមេគង្គ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវកាលពីម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកីឡា។

សម្រាប់លទ្ធផលក្នុងការប្រកួតដំបូងនេះ ទាំងក្រុមបុរស និងនារី សុទ្ធតែធ្វើបានយ៉ាងល្អ ក្នុងនោះក្រុមបាល់បោះបុរស U18កម្ពុជា បានយកឈ្នះក្រុមជម្រើសខេត្តចំប៉ាសាក់ ដោយលទ្ធផល ៧៩-៥៥ពិន្ទុ ខណៈក្រុម U18នារី បានយកឈ្នះក្រុមបាល់បោះនារីប្រចាំខេត្តចំប៉ាសាក់របស់ឡាវដូចគ្នា ដោយលទ្ធផល ៤៤-៣៤ពិន្ទុ។ ប៉ុន្ដែក្រុមតំណាងកម្ពុជាទាំងពីរ ត្រូវឆ្លងកាត់ការប្រកួត ២លើកទៀត ដោយត្រូវជួបតំណាងប្រទេសថៃ និងវៀតណាម រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈខាងមុខទើបចប់។

គួរបញ្ជាក់ថា ចំពោះគោលដៅសំខាន់ ដែលក្រុមបាល់បោះបុរស-នារីក្រោមអាយុ ១៨ឆ្នាំកម្ពុជា ចូលរួមប្រកួតពានរង្វាន់មិត្តភាពនៅឡាវខាងលើ គឺដើម្បីដកស្រង់បទពិសោធន៍ពីការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូងរបស់ខ្លួន សម្រាប់ធ្វើដើមទុនត្រៀមការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី នៅប្រទេសថៃ ដើម្បីឈានទៅដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រពិភពលោកប្រចាំឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុខ។ នេះបើតាមការធ្លាប់បញ្ជាក់ឲ្យដឹងពីលោក កៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជានាពេលកន្លងមក៕

Via: khmertalking