វត្តមានរបស់កីឡាករជនពិការជើង យូ សុជា ក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសអ្នកមានសមត្ថភាពចូលក្នុងក្រុមជម្រើសជាតិ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ វាបានបង្កើតទៅជារឿងដ៏ភ្ញាក់ផ្អើលមួយ ខណៈរូបគេ បានបង្ហាញពីការស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកីឡា ដោយបានមកបានចូលរួមប្រកួតប្រជែងនឹងគេ ទាំងខ្លួនត្រូវចូលរោងការ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

ការលះបង់ ជាមួយក្តីស្រឡាញ់ផ្នែកកីឡាហែលទឹក របស់ យូ សុជា បានធ្វើឲ្យលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (NPCC) ដែលបានចូលរួមដោយផ្ទាល់ ក្នុងការប្រកួតហែលទឹក កាលពីព្រឹកមិញនេះ មានការស្ងប់ស្ងែង និងបានប្រាប់ដំណឹងនេះទៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

បន្ទាប់ពីការប្រកួតប្រជែងជាង២ម៉ោង បានបញ្ចប់ ដំណឹងដ៏ពិសេសមួយ ត្រូវបានលោក យី វាសនា ប្រកាសនៅក្នុងចំណោមអត្តពលិកទាំង២៣នាក់ ដែលបានចូលរួមការប្រកួត កាលពីព្រឹកមិញនេះ គឺលោកនាយករដ្ឋមន្រ្តី និងលោកជំទាវ ប៊ុនរ៉ានី ហ៊ុន សែន បានកោតសរសើរដល់ យូ សុជា ព្រមទាំងបានចូលរួមចងដៃពិធីការរបស់ យូ សុជា ចំនួន១លានរៀល។

ថវិកា ១លានរៀលរបស់លោកនាយករដ្ឋមន្រ្តី និងលោកជំទាវ ត្រូវបានលោក យី វាសនា ប្រគល់ឲ្យ យូ សុជា ភ្លាមៗតែម្តង ដែលធ្វើឲ្យកីឡាករម្នាក់នេះ មានការសប្បាយចិត្តយ៉ាងខ្លាំង និងបាននិយាយអរគុណពីសណ្តានចិត្ត និងក្តីមេត្តារបស់លោកនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលមានចំពោះរូបគេ ក៏ដូចជាក្រុមអត្តពលិកជនពិការនៅកម្ពុជា ក្នុងនាមសម្តេចជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក៕