ភ្នំពេញ: រឿង សោភ័ណ្ឌ របស់​កម្ពុជា​បាន​ត្រឹម​ស្មើ​ជាមួយ​កីឡាករ​ថៃ Chai Sou ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម ក្រោយ​ពី​បាន តស៊ូ ៥ ទឹក​ពេញ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា-ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។

ចំណែក​លទ្ធផល​គូ​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ វិញ មឿន សុខហ៊ុច ត្រូវ​បាន​អាជ្ញាកណ្តាល​លោក​យឹម សុខុម ឯកភាព​ជាមួយ​គណៈ​កម្មការ​បាន​សម្រេច​ឲ្យ​ចាញ់​តែម្តង​នៅ​ក្នុង​ទឹក​ទី ៣ ក្រោយ​ពី​កីឡាករ​កម្ពុជា​រូបនេះ​មិន​បាន​ស្តាប់​ការ​ហាម​ឃាត់​របស់​អាជ្ញា​កណ្តាល បន្ទាប់​ពី​បាន​បោក​ច្រាន Phich Nam Ek ឲ្យ​ដួល​ទៅ​លើ​ខ្សែ​រេញ មុន​នឹង​បន្ថែម​មួយ​ជើង​ចូល​មុខ​បណ្តាល​ឲ្យ​សន្លប់​ធំ​តែម្តង ដែល​ជា​ករណី​ល្មើស​ច្បាប់ និង​លក្ខខណ្ឌ​ប្រកួត។ គូ​ខ្សែ​ក្រវាត់​មួយគូ​ទៀត​ជឹម ចិត្ត្រា បាន​ផ្តួល​កីឡាករ​ថៃ Kong Kangvan ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ៤។

រឿង សោ​ភ័​ណ្ឌ មកពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ និង​កីឡាករ​ថៃ​ជើង​ខ្លាំង​ជំនាញ​ជង្គង់ Chai Sou ត្រូវ​បាន​គណៈ​កម្មការ​ប្រកាស​ឲ្យ​ស្មើគ្នា បន្ទាប់​ពី​ការ​ប្រកួត ៥ ទឹក​ពេញ​នោះ។ រឿង សោភ័ណ្ឌ មាន​ប្រៀប​ផ្នែក​កណ្តាប់​ដៃ​នៅ​ទឹក​ទី ២ និង​ទឹក​ទី ៥ ហើយ​កីឡាករ Chai Sou មាន​ប្រៀប​បន្តិច​បន្តួច​នៅ​ទឹក​ទី ៣ និង​ទឹក​ទី ៤ ខណៈ​ទឹក​ទី ១ មាន​ភាព ប្រហាក់​ប្រហែល​គ្នា។

លទ្ធផល​នេះ ធ្វើ​ឲ្យ​អ្នក​ទស្សនា ហាក់​ដូចជា​ស្ងប់ស្ងៀម​គ្មាន​ប្រតិកម្ម​អ្វី​ឡើយ ខណៈ​ដែល​ការ​ប្រកួត​របស់​រឿង សោភ័ណ្ឌ លើក​នេះ​មិន​សូវ​បានល្អ​ដូច​សព្វ​ដង ហើយ​កណ្តាប់​ដៃ​វាយ​ចេញ​មិន​ធ្ងន់​ចូល​គោល​ដៅ​ល្អ​ដូច​មុន ស្រប​ពេល​ដែល​កីឡាករ​ថៃ Chai Sou បាន​ប្រើ​ស្នៀត​ជង្គង់​មិន​ល្អ​វាយ​ចេញ​ត្រូវ​តែ​ខ្យល់​ដូច​គ្នា។

រឿង សោភ័ណ្ឌ បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ «លទ្ធផល​ស្មើគ្នា​នេះ ខ្ញុំ​ទទួល​យក​បាន ពី​ព្រោះ​គេ​បាន​តែ​ឱប​រំខាន​ខ្ញុំ​តែ​ប៉ុណ្ណោះ គឺ​ជង្គង់​មិន​ចូល​គោល​ដៅ​ទេ»។

ចំពោះ​បញ្ហា​វាយ​មិនសូវ​បានល្អ និង​ខ្លាំង​ដូច​មុន​នោះ សោភ័ណ្ឌ បាន​ប្រាប់​ថា៖ «មុន​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​ខកខាន​មិន​បាន​ហាត់​ល្អ​ទេ ដោយ​នៅ​ជួយ​មើល​ម្តាយ​ឈឺ និង​នាំ​គាត់​ទៅ​ពេទ្យ ហេតុ​នេះ​កម្លាំង​ឆាប់​ខ្សោយ​ជាង​មុន ប៉ុន្តែ​ការ​ប្រកួត​មិន​អាច​ខក​ខាន​បាន​ទេ​កុំ​ឲ្យ​ខូច​កម្មវិធី»។

គូ​អម​លក្ខណៈ​អន្តរជាតិ​ជាមួយ​គ្នា​នេះដែរ ផុន ផាន់ណា មក​ពី​ក្លិប​ខ្លារខិន បាន​ចាញ់​ពិន្ទុ​កីឡាករ Jul Lieng មក​ពី​ប្រទេស​បារាំង ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម។

ក្នុងការ​ប្រកួត​ចំនួន ៥ ទឹក ផុនផាន់ណា បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ហើយ​បើ​ទោះបី​ចាញ់​ប្រៀប​កីឡាករ​មក​ពី​បារាំង​សឹង​តែ​គ្រប់​ទឹក​ក៏ដោយ ប៉ុន្តែ រូបគេ​តស៊ូ​បាន ៥ ទឹក​ពេញ​មុន​នឹង​ចាញ់​ពិន្ទុ៕
Via :postkhmer