ភ្នំពេញ៖ បេសកកម្មចូលរួមប្រកួតបាល់បោះពានរង្វាន់មិត្តភាព នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ របស់ក្រុមបាល់បោះជម្រើសជាតិបុរស-នារីក្រោមអាយុ ១៨ឆ្នាំកម្ពុជាបានបញ្ចប់ហើយ ដោយក្រុមបុរសដណ្ដើមបានជើងឯក ខណៈក្រុមនារី ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ។ នេះបើតាមប្រភពព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានកីឡា ។

ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៥ថ្ងៃ កាលពីសប្ដាហ៍មុន ក្រុមបាល់បោះយុវជនកម្ពុជា ធ្វើបានយ៉ាងល្អ ដោយទទួលបានជ័យជម្នះ ៣ប្រកួតជាប់គ្នា ដើម្បីឈរចំណាត់ថ្នាក់លេខ១ លើក្រុមម្ចាស់ផ្ទះខេត្តចំប៉ាសាក់ ជាប់លេខ២ និងក្រុមតំណាងក្រុមវៀងច័ន្ទរបស់ឡាវទទួលបានចំណាត់ថ្នាក់លេខ៣ និងក្រុមមកពីខេត្តស៊ីសាកេតរបស់ថៃ ជាប់លេខ៤ ។

ដោយឡែកលទ្ធផលផ្នែកនារី ជើងឯកបានទៅក្រុមបាល់បោះមកពីខេត្តស៊ីសាកេតរបស់ថៃ, ចំណាត់ថ្នាក់លេខ២ គឺបានទៅក្រុមមកពីទីក្រុងវៀងច័ន្ទរបស់ឡាវ, ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាការិនីកម្ពុជា និងលេខ៤ បានទៅក្រុមម្ចាស់ផ្ទះ ខេត្តចំប៉ាសាក់របស់ឡាវ ។

គួរបញ្ជាក់ថា គោលដៅសំខាន់ ដែលក្រុមបាល់បោះបុរស-នារីក្រោមអាយុ ១៨ឆ្នាំកម្ពុជា ចូលរួមប្រកួតពានរង្វាន់មិត្តភាពនៅឡាវនេះ គឺដើម្បីដកស្រង់បទពិសោធន៍ពីការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូងរបស់ខ្លួន សម្រាប់ធ្វើដើមទុនត្រៀមការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី នៅប្រទេសថៃ ដើម្បីឈានទៅដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រពិភពលោក ប្រចាំឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុខ ។ នេះបើតាមការធ្លាប់បញ្ជាក់ឲ្យដឹងពីលោក កៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជានាពេលកន្លងមក ៕


Via :khmertalking