ភ្នំពេញ៖ បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃ នៅថ្ងៃបើកឆាកពូលF ក្នុងវគ្គចែកពូលពានរង្វាន់ AFC Cup 2018 ក្រោមថ្វីជើងក្រុម Ceres-Negros របស់ហ្វីលីពីន ក្រុមតំណាងកម្ពុជា បឹងកេតអែហ្វស៊ី នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជើងខ្លាំងមីយ៉ាន់ម៉ា Shan Unites វិញម្ដង នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈស្អែកនេះ ។

នេះគឺជាការប្រកួតទី២ របស់ក្រុមទាំងពីរ ក្រោយរបូតអស់ ៣ពិន្ទុរៀងៗខ្លួន សម្រាប់ប្រកួតដំបូង ។ តែបឹងកេតរៀងចាញ់ធ្ងន់ករបន្ដិច ដោយត្រូវក្រុម Ceres-Negros លត់ ៩-០ ក្រៅដី ខណៈក្រុម Shan Unites បានចាញ់ក្រុម Home United របស់សិង្ហបុរីត្រឹម ១-០ ។ ក្រឡេកមកមើលការប្រកួតស្អែកនេះ អាចជាការប្រកួតដ៏សំខាន់ របស់ក្រុមបឹងកេត ដែលត្រូវការជ័យជម្នះ ដើម្បីស្ដារមុខមាត់ឡើងវិញ ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតស្វែងរក ៣ពិន្ទុលើកដំបូងរវាងក្រុមបឹងកត និងក្រុម Shan United ស្អែកនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ប៉ុន្ដែពាក់ព័ន្ធនឹងសំបុត្រចូលទស្សនា ក្លឹបមិនទាន់ប្រកាសនោះទេ ៕
Via .camsports