ក្រុមបឹងកេត បានបន្តចាញ់ក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា ២-១ ក្នុងការប្រកួតលើកទី២ វគ្គចែកពូលនៃពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ គឺស្របពេលក្រុមខ្លាំងទាំង២ Ceres-Negros និង Home United បានចែកគ្នា ម្នាក់១ពិន្ទុ។


សម្រាប់ការប្រកួត កាលពីយប់ម្សិលមិញនោះ ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Maycon បានរកគ្រាប់បាល់នាំមុខឲ្យក្រុមបឹងកេតបានមុន តាមរយៈការទាត់បាល់ហ្រីឃីកបញ្ចូលទីបានយ៉ាងល្អរបស់នៅនាទីទី២៨ ហើយ Maycon ក៏បានបញ្ចូលបាល់យ៉ាងស្អាតឲ្យ Gbenga ១គ្រាប់ទៀតដែរ តែ Gbenga បានអូលបាល់នោះរំលងអ្នកចាំទី មិនបាន។

យ៉ាងណាក៏ដោយ ក្តីសង្ឃឹម និងការមានប្រៀបរបស់ក្រុមបឹងកេត ត្រូវបានរលត់ទៅវិញ នៅពេលខ្សែប្រយុទ្ធ Dway Ko Ko Chit បានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ក្រុមបឹងកេត បានយ៉ាងល្អ ដើម្បីជួយឲ្យក្រុម Shan United តាមស្មើវិញ ១-១ វិញ នៅនាទី៤១។

ចំណែកការប្រកួតនៅដើមតង់ទី២ ក្រុម Shan United លេងកាន់តែល្អ ក្នុងការដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះបឹងកេត ក្នុងការជួយឲ្យខ្សែប្រយុទ្ធ Chizoba អាចស៊ុតបាល់បញ្ចូលទីទៅលើក្រុមបឹងកេត បាន១គ្រាប់ទៀត នៅនាទីទី៥៥ ហើយនេះក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ ខណៈការព្យាយាមវាយបក និងការបង្កើតឱកាស នៅមុខទីរបស់ Shan United ជាច្រើនលើករបស់បឹងកេត មិនអាចរកបានគ្រាប់បាល់បន្ថែមនោះ។

ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមបឹងកេត នៅតែបន្តឈរនៅកំពូលតារាងប្រចាំពូលF ដោយមានសូន្យពិន្ទុ ព្រោះការប្រកួតជើងទី១ ពួកគេបានចាញ់ក្រុម Ceres-Negros របស់ហ្វីលីពីន ៩-០ រីឯក្រុម Shan United បន្តឈរនៅលេខរៀងទី៣ដដែល ដោយមាន៣ពិន្ទុ។

ចំណែកក្រុមម្ចាស់ផ្ទះ Home United ក៏មិនសូវសប្បាយចិត្ត ជាមួយលទ្ធផល ដែលពួកគេ ទទួលបាន ក្នុងការប្រកួត កាលពីយប់បម្សិលមិញនោះផងដែរ ព្រោះការប្រកួតនេះខ្សែប្រយុទ្ធ Shahril Ishak បានជួយឲ្យ Home United នាំមុខតាំងពីនាទី២៣ ប៉ុន្តែ Super របស់ក្រុមCeres-Negros បានវាយបកតាមស្មើនៅនាទីទី៧៩។

តាមរយៈលទ្ធផលនេះ ក្រុម Ceres-Negros នៅតែបន្តឈរនៅលើកំពូលតារាងប្រចាំពូលFនេះ បើទោះបីជាមាន៤ពិន្ទុស្មើជាមួយក្រុម Home United ដែលកំពុងឈរនៅលេខរៀងទី២ក៏ដោយ ព្រោះ Ceres-Negros មានគ្រាប់បាល់ចំណេញច្រើនជាងក្រុម Home United ដែលបានយកឈ្នះក្រុម Shan United ត្រឹម ១-០ សម្រាប់ការប្រកួតជើងទី១ កន្លងមក៕