(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គ្រោងនឹងបើកការប្រកួតរដូវកាលថ្មីនាចុងសប្ដាហ៍នេះហើយ ប៉ុន្ដែក្រុមមួយចំនួនធំ ត្រូវបន្ដប្រើប្រាស់ពហុកីឡដ្ឋានជាតិធ្វើជាទឹកដី គ្រាដែលលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទើបធ្វើការព្រមានធ្ងន់ៗ ចំពោះក្លឹបនៅបន្ដបៅដោះពហុកីឡដ្ឋានជាតិ គឺជារឿងអវិជ្ជមានមួយ ដើម្បីអភិវឌ្ឍន៍ក្លឹបឆ្ពោះទៅរកភាពរីកចម្រើន។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ថ្នាក់ដឹកនាំជាន់ខ្ពស់ FFC បានអះអាងថា រដូវកាលថ្មីនេះ មិនអនុញ្ញាតឲ្យក្រុមណាមួយយកពហុកីឡដ្ឋានជាតិ ធ្វើជាទឹកដីប្រកួតលីគ និងពានរង្វាន់ Hun Sen-Cup ឡើយ។

យោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយមន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) គេឃើញមានក្រុមចំនួន ៦ ត្រូវប្រើប្រាស់ពហុកីឡដ្ឋានជាតិ រហូតដល់ចប់ការប្រកួតសន្សំពិន្ទុជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ។ តែយ៉ាងណាជុំវិញមូលហេតុនៃការផ្លាស់ប្ដូរ ឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិពេលនេះ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ។

យ៉ាងណាមិញ មុនការទម្លាយកម្មវិធីប្រកួតទាំងស្រុងនៃលីគរដូវកាលថ្មី ប្រធានសហព័ន្ធនាយឧត្តសេនីយ៍ សៅ សុខា បានថ្លែងលក្ខណៈព្រមានចំពោះក្លឹបមួយចំនួន ដែលបន្ដប្រើប្រាស់ពហុកីឡដ្ឋានជាតិ ដោយលោកបានចាត់ទុក គឺជារឿងមិនល្អមួយនៅក្នុងបាល់ទាត់។ លោកសង្កត់ធ្ងន់ថា «បច្ចុប្បន្ននេះ ក្លឹបខ្លះចេញពីភ្នំពេញអត់រួចទេ នៅបៅដោះភ្នំពេញ នៅបៅដោះពហុកីឡដ្ឋានជាតិ។ បើធ្វើបាល់ទាត់ហើយ នៅតែបៅដោះពហុកីឡដ្ឋានជាតិទេ កុំសង្ឃឹមក្លឹបហ្នឹងរីកចម្រើនឲ្យសោះ។ តែបើបានជាធ្វើ បើលូក លូកឲ្យកប់ក្លៀកហ្មងទៅ កុំធ្វើលឹបលៗ។ មួយទៀត បើធ្វើបាល់ទាត់ ចង់បានលុយពីបាល់ទាត់ទៅធ្វើអ្នកមាន ក៏គ្មានថ្ងៃរីកចម្រើនដែរ ព្រោះបាល់ទាត់ទាមទារឲ្យមានការលះបង់ច្រើន ទើបមានការអភិវឌ្ឍន៍ឲ្យរីកចម្រើន»។

គួរបញ្ជាក់ថា ចំពោះក្លឹបត្រៀមប្រើប្រាស់ពហុកីឡដ្ឋានជាតិធ្វើទឹកដីបណ្ដោះអាសន្នទាំង ៦ក្រុម រួមមានក្រុមបឹងកេត, ណាហ្គាវើល, អង្គរថាយហ្គឺរ, ក្រសួងការពារជាតិ, សូលទីឡូអង្គរ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែបច្ចុប្បន្នក្រុមទាំងនេះ បាននឹងកំពុងជួសជុលកីឡដ្ឋានរបស់ខ្លួន ដែលសហការជាមួយខេត្តមួយចំនួន ដើម្បីត្រៀមការប្រកួតជើងទី២ នៅចុងខែមិថុនា ឆ្នាំ២០១៨ខាងមុខ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតផ្លូវការ ក្នុងសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨៖


Via :khmertalking