(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ ឬក្រុមទ័ព បានសម្រេចផ្លាស់ប្ដូរគ្រូបង្វឹកថ្មីហើយ គឺលោក ភា សុភ័ត្រ្ដា ដែលត្រូវបានដំឡើងពីគ្រូជំនួយ ទៅជាគ្រូបង្វឹក ជំនួសតំណែងលោក ទេព ឡុងរចនា។ នេះបើយោងតាមការបង្ហើបឲ្យដឹងរបស់ថ្នាក់ដឹកនាំក្រុមជើងឯករងលីគកំពូលកម្ពុជា ២ជំនាន់ជាប់គ្នានេះ។

ជុំវិញការផ្លាស់ប្ដូរគ្រូបង្វឹកនេះដែរ គឺស្របពេលលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គ្រោងបើកការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះហើយ។ ដោយឡែក គ្រូបង្វឹករដូវកាលចាស់ លោក ទេព ឡុងរចនា ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមនារដូវកាលថ្មីវិញ ខណៈអ្នកចាត់ទូទៅឆ្នាំចាស់លោក ខូវ ឆាយ ត្រូវបានដំឡើងទៅជាអគ្គលេខាធិការក្លឹប។

គួរបញ្ជាក់ដែរថា សម្រាប់ភារកិច្ចដំបូងរបស់លោក ភា សុភ័ត្រ្ដា នារដូវកាលថ្មីនេះ គឺត្រូវដឹកនាំក្រុមក្រសួងការពារជាតិ ប្រកួតបើកឆាករដូវកាលថ្មីជាមួយក្រុមអង្គរថាយហ្គឺរ នៅលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី៤ ខែមីនាចុងសប្ដាហ៍នេះ៕


Via :khmertalking