ក្រុម​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​បើក​ឆាក​លីក​កំពូល​កម្ពុជា ឆ្នាំ​២០១៨ របស់​ក្រុម​វេស្ទើន បាន​បញ្ចប់​ដោយ​ភាព​ខក​ចិត្ត​ខ្លាំង​បំផុត ស្រប​ពេល​ក្រុម​ម្ចាស់​ជើង​ឯក បឹង​កេត និង​ភ្នំពេញ​​ក្រោន សុទ្ធ​តែ​ដណ្តើម​បាន៣ពិន្ទុ​ដូច​គ្នា។

សម្រាប់​ការ​ប្រកួត​បើក​ឆាក នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​នោះ ក្រុម​ប៉ូលិស បាន​លត់​វេស្ទើន រហូត​ដល់ ៦-០។ ខ្សែ​ប្រយុទ្ធ ទិត្យ ឌីណា ជា​អ្នក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ក្រុម​ប៉ូលិស នៅនាទីទី​១០ គឺ​មុន​ពេល Suzuki Yuta បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៣៩ ដើម្បី​នាំមុខ​ក្រុម​វេស្ទើន ២-០ នៅ​ក្នុង​តង់​ទី​១។
ចំណែក​នៅតង់​ទី​២ ខ្សែ​ប្រយុទ្ធ នួន បូរី និង No Daeho សុទ្ធ​តែ​រក​បាន​ម្នាក់​២​គ្រាប់ដូច​គ្នា។ ឌីណា រក​បាន​គ្រាប់​បាល់​ទី​១​របស់​គេ នៅនាទីទី​៧៥ ហើយ No Daeho នៅនាទីទី​​៨២ ឯគ្រាប់​បាល់​ទី​២​របស់​អ្នក​​ទាំង​២​នេះ បាន​កើត​មាន​ឡើង​នៅនាទីទី​៩០ ដូច​គ្នា។

លទ្ធផល​នេះ​បាននជួយ​ឲ្យ​ក្រុម​ប៉ូលិស ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​​លីកកំពូល​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៨​នេះ បាន​មុន​គេ ប៉ុន្តែ​​ការ​ចាញ់ ៦-០ នេះ វាជា​លទ្ធផល​ដ៏​អាក្រក់​បំផុត ចំពោះ​ក្រុម​វេស្ទើន ​ដែល​បាន​ធ្លាក់​ទៅ​ឈរ​នៅ​បាត​តារាង បាន​មុន​គេ ហើយ​​អ្នក​តាម​ដាន​ការ​ប្រកួត​បាល់​ទាត់​នៅ​កម្ពុជា ស្ទើរ​តែមិន​ចង់​ជឿ ជាមួយ​លទ្ធផល​បែប​នេះ។
​សម្រាប់​ការ​ប្រកួត កាល​ពី​ថ្ងៃសៅរ៍​នោះ​ដែរ ក្រុម​​ម្ចាស់​ជើង​ឯក បឹង​កេត បាន​​រក​គ្រាប់​បាល់​​មុខ​នាំ​ក្រុម​អាស៊ីអឺរ៉ុប រហូត​ដល់​៤-០ ដោយ​ក្នុង​នោះ​​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Julius រក​បាន​៣​គ្រាប់​តែ​ម្នាក់​ឯង ​​នៅនាទីទី៤ ទី​៦៧ និង​នាទីទី​៧៥ ឯ​១គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Omogba នៅនាទីទី​៤៤ ប៉ុន្តែ​អាស៊ីអឺរ៉ុប បានវាយ​បករក​​បាន​៣​​គ្រាប់​វិញ ធ្វើ​ឲ្យ​បឹង​កេត ឈ្នះ​៣ពិន្ទុ ទាំង​ព្រលឹង​ចុង​សក់។

ចំណែក​ក្រុម​ចំណូល​ថ្មី សូលទីឡូអង្គរ បាន​​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​គត់​សម្គាល់ ហើយ​អ្នក​គាំ​ទ្រ​ស្មោះ​ស្ម័គ្រ​របស់​ក្រុម​មួយនេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ផងដែរ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន RSN កាលយប់​ថ្ងៃ​សៅរ៍​នោះ​ដែរ ប៉ុន្តែ សូល​ទីឡូអង្គរ បាន​ចាញ់​ភ្នំពេញ​ក្រោន ១-០ ដ៏គួរ​ឲ្យ​សោក​ស្តាយ។

ការ​​ចាញ់​នេះ ដោយ​សារ​ខ្សែ​ការពារ សូលទីឡូអង្គរ បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Jorrin John របស់​ភ្នំពេញ​ក្រោន ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ​នាំឲ្យ​លោក​អាជ្ញា​កណ្តាល​ពិន័យ​កាត​លឿង និង​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ ឲ្យ​ខាង​ក្រុម​ភ្នំពេញ​ក្រោន ហើយ​ខ្សែ​ប្រយុទ្ធ Pouya Hosseini ជា​អ្នក​ស៊ុត​បាន​សម្រេច នៅនាទីទី​១០ ដើម្បី​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន ឈ្នះ​៣ពិន្ទុ​ទាំង​លំបាក​លើក​នេះ៕